(សេអ៊ូល)៖ កងទ័ពជើងទឹកនៃប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះបានឲ្យដឹងថា ខ្លួននឹងបើកសម្ពោធសាលរំលឹកព្រឹត្តិការណ៍មួយកន្លែងនាសប្តាហ៍ក្រោយនេះ សម្រាប់នាវាចម្បាំងមួយគ្រឿងដែលត្រូវបានបាញ់ពន្លិចដោយសារការវាយប្រហារដោយមីស៊ីលក្រោមទឹក របស់កូរ៉េខាងជើងកាលពីឆ្នាំ២០១០។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន យុនហ៉ាប់ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមសេចក្តីថ្លែងការណ៍របស់យោធាជើងទឹកកូរ៉េខាងត្បូង សាលរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចូណាន (The Cheonan Memorial Hall) មានទីតាំងនៅសួនសន្តិសុខមួយកន្លែងក្នុងកងអង្គភាពជើងទឹកលេខ ២ នៃទីក្រុងព្យុងទែក (Pyeongtaek) ដែលស្ថិតនៅចម្ងាយ ៧០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល នឹងត្រូវបើកសម្ពោធជាផ្លូវការសម្រាប់សាធារណជនចាប់ពីថ្ងៃចន្ទ សប្តាហ៍ក្រោយតទៅ។
កងទ័ពជើងទឹកកូរ៉េខាងត្បូងបានចំណាយថវិកាចំនួន ៤.៤៧ពាន់លានវ៉ុនដែលស្មើនឹង ៣.៧លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់សាលរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ នៅលើផ្ទៃដីមានទំហំ១,៣៤០ម៉ែត្រក្រឡា។
សាលរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ចូណាន ដែលរៀបចំឡើងដោយផ្នែកតាំងបង្ហាញចំនួន ០៧កន្លែង ត្រូវបានរចនាឡើងដើម្បីបង្ហាញអំពីអ្វីដែលបានកើតឡើង ចំពោះនាវាចម្បាំងធុនតូចរបស់កូរ៉េខាងត្បូងមួយគ្រឿងឈ្មោះថា ចូណាន (Cheonan) កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១០, អំពីប្រតិបត្តិការជួយសង្រ្គោះរបស់កងកម្លាំងយោធាជើងទឹក, អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការស្រោចស្រង់អ្វីដែលនៅសេសសល់ពីនាវាដែលបានដាច់ជាពីរកំណាត់នោះយកមកវិញ, និងអំពីសកម្មភាពផ្សេងៗសំដៅរំលឹកដល់សោកនាដកម្មនាកាលនោះ។
គួរបញ្ជាក់តាមប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងព្យុងយ៉ាងគឺជាអ្នកខុសទាំងស្រុងនៅក្នុងការវាយប្រហារដោយប្រើប្រាស់មីស៊ីលក្រោមផ្ទៃទឹក ដែលបានសម្លាប់ជីវិតនាវិកកូរ៉េខាងត្បូងចំនួន ៤៧នាក់ក៏ប៉ុន្តែកូរ៉េខាងជើងបានច្រានចោលការអះអាងនេះ ទោះបីជាមានភស្តុតាងច្រើនយ៉ាងណាក្តី៕