(អង់ការ៉ា)៖ យោធាតួកគីបានឱ្យដឹងនៅថ្ងៃពុធនេះថា ក្រុមអ្នកប្រយុទ្ធ ISIS ចំនួន ៤៤នាក់ ត្រូវបានសម្លាប់ ខណៈ ១១៧នាក់ផ្សេងទៀតបានរងរបួសនៅក្នុងប្រតិបត្តិការយោធាមួយនៅទីក្រុង al-Bab នៃភាគខាងជើង ប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានយោធាតួកគីក៏បាននិយាយដែរថា សមាជិកក្រុមឧទ្ទាមស៊ីរី ៧នាក់បានរងរបួស នៅក្នុងការប្រយុទ្ធគ្នាកាលពីប៉ុន្មានថ្ងៃមុននេះ ចំណែកឯមូលដ្ឋានរបស់ក្រុម ISIS ចំនួន ១៥៤កន្លែង បានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារដោយកាំភ្លើងធំ និងអាវុធជាច្រើនផ្សេងទៀតរបស់យោធាតួកគី។
គួរបញ្ជាក់ថា ឧទ្ទាមស៊ីរី ដែលគាំទ្រដោយកងកម្លំាងយោធាតួកគី បានឡោមព័ទ្ធទីក្រុង Al-Bab អស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ នៅក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការយោធា Euphrates ដឹកនាំដោយប្រទេសតួកគី ជិតបួនខែមកនេះដើម្បីបោសសំអាតក្រុម ISIS និងក្រុមឧទ្ទាមឃើដ ចេញពីព្រំដែនរបស់ខ្លួនជាប់ជាមួយស៊ីរី៕