(សេអ៊ូល)៖ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Korean Air Lines បាននិយាយថា ខ្លួននឹងអនុញ្ញាតឲ្យក្រុមសន្តិសុខប្រើប្រាស់កាំភ្លើងឆក់ ទៅលើអ្នកដំណើរណាដែលមានភាពរញេរញ៉ៃជ្រុល ឬប្រើប្រាស់អំពើហិង្សា ហើយខ្លួនក៏នឹងជ្រើសរើសអ្នកបម្រើលើយន្តហោះជាបុរស ឲ្យមកបំពេញការងារបន្ថែមទៀតផងដែរ បន្ទាប់ពីមានការរិះគន់ខ្លាំងៗពីតារាចម្រៀងល្បីរបស់អាមេរិកលោក Richard Marx ចំពោះហេតុការណ៍ដែលបានកើតមានឡើងកន្លងមក។ នេះបើតាមការចេញផ្សាយដោយ Bangkok Post នារសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦។
គួរបញ្ជាក់ថាការសម្រេចចិត្តដ៏លំបាក ដែលនឹងអាចនាំឲ្យប៉ះពាល់ផ្នែកសតិអារម្មណ៍ដល់ អ្នកដំណើររបស់អាកាសចរណ៍ដ៏ធំរបស់កូរ៉េខាងត្បូងខាងលើនេះ គឺជាការឆ្លើយតបចំពោះអំពើហិង្សាដែលបង្កឡើងដោយអ្នកដំណើរមួយចំនួនដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់អាមេរិកនេះ ប៉ុន្តែផ្នែកគ្រប់គ្រងអាកាសចរណ៍មិនបានមានវិធានការណ៍ក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនោះឡើយ ទើបបានជាបណ្តាលឲ្យមានពាក្យរិះគន់ខ្លាំងៗ ជាពិសេសពីសំណាក់តារាចម្រៀងអាមេរិកដែលមានវត្តមាននៅទីនោះដែរ។
បន្ថែមពីលើហេតុការណ៍កាលពីថ្ងៃទី២០ ខែធ្នូនោះ អាកាចរណ៍ក៏បានសម្រេចចិត្តបន្ថែមអ្នកបម្រើការងារលើយន្តហោះជាបុរស ឲ្យបានយ៉ាងហោចណាស់ម្នាក់នៅក្នុងមួយជើងហោះហើរផងដែរ។ តាមរបាយការណ៍ពីមន្ត្រីអាកាសចរណ៍ខាងលើនេះ អ្នកដំណើរដែលបង្ហាញអត្តចរិតកោងកាច ឬបង្កអំពើហិង្សាក្នុងពេលធ្វើដំណើរបានកើនឡើងក្នុងចំនួនបីដង ក្នុងរយៈពេល ០៥ឆ្នាំចុងក្រោយ៕