(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan (តាយយីប អឺដូហ្គាន់) បានថ្លែងថា សហរដ្ឋអាមេរិកមិនបានគោរពតាមការសន្យាក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS នោះឡើយហើយលោកថែមទាំងអះអាងទៀតថា មានភស្ដុតាងដែលអាចបញ្ជាក់បានថា ទីក្រុងវ៉ាស៊ីនតោនពិតជាគាំទ្រក្រុមភេរវករជាច្រើននៅស៊ីរីយ៉ាងច្បាស់ក្រឡែត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីហ្គីណេ លោក អាល់ហ្វា កុនដេ (Alpha Conde) ដែលបានបំពេញទស្សនកិច្ចមកកាន់ទីក្រុងអង់ការ៉ា លោក អឺដូហ្គាន់ លើកឡើងថា «វាពិតជារឿងអកុសល ដែលកងកម្លាំងចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក មិនបានគោរពតាមពាក្យសន្យា [...] ហើយជាការពិតណាស់ បណ្ដាប្រទេសលោកខាងលិចរួមទំាងសហរដ្ឋអាមេរិក បានគំាទ្រក្រុមឧទ្ទាមឃើដ PYD និងYPG ព្រមទាំងក្រុម ISIS ផងដែរ។
ជាក់ស្ដែងអាវុធដែលក្រុមភេរវករទាំងនេះកំពុងប្រើប្រាស់ សុទ្ធតែជាអាវុធផលិតនៅបណ្ដាប្រទេសលោកខាងលិច។ ទោះបីជាយ៉ាងណាក៏ដោយ បើទោះជាពួកគេមិនគោរពតាមពាក្យសន្យាក៏យើងនឹងនៅតែបន្តដើរលើផ្លូវរបស់ពួកយើងជាមួយការបេ្ដជ្ញាចិត្តយ៉ាងរឹងមាំ»៕