(វ៉ាស៊ីនតោន)៖ អនាគតមេដឹកនាំសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានតែងតាំងប្រធានមេធាវីនៃក្រុមហ៊ុន Trump Orgazination របស់លោកឲ្យកាន់មុខតំណែងដែលទើបត្រូវបានបង្កើតថ្មីមួយ ក្នុងជានាមជាអ្នកចរចាអន្តរជាតិជាន់ខ្ពស់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រុមចាត់ចែងកិច្ចការផ្ទេរតំណែងរបស់លោកប្រធានាធិបតីជាប់ឆ្នោត ដែលចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦។
លោក ចេសុន គ្រីនប្លាត់ (Jason Greenblatt) អគ្គនាយករង និងជាប្រធានក្រុមមេធាវីនៃក្រុមហ៊ុន Trump Organization ដែលជាមើលការខុសត្រូវចំពោះមុខជំនួញ ដ៏ធំមហាសាលរបស់លោក ដូណាល់ ត្រាំ នឹងកាន់តួនាទីជាអ្នកតំណាងពិសេសរបស់អាមេរិក សម្រាប់រាល់កិច្ចចរចាអន្តជាតិ។ យ៉ាងណាមិញក្រុមចាត់ចែងកិច្ចការផ្ទេរតំណែងរបស់លោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតច្បាស់អំពីភារកិច្ចនៃមុខតំណែងដែលទើបនឹងបង្កើតថ្មីនេះឡើយ ប៉ុន្តែកាលពីចុងសប្តាហ៍មុននេះស្ថានីយទូរទស្សន៍ CNN ដោយផ្អែកលើប្រភពមិនបញ្ចេញអត្តសញ្ញាណមួយ បានបង្ហើបឲ្យដឹងថា ភារកិច្ចរបស់លោក គ្រីនប្លាត់ នឹងរួមបញ្ចូលទាំងដំណើរការនៃកិច្ចចរចាសន្តិភាព អ៉ីស្រាអែល-ប៉ាឡេស្ទី, ទំនាក់ទំនងជាមួយប្រទេសគុយបា, និងកិច្ចព្រមព្រៀងពាណិជ្ជកម្មដទៃៗទៀត។
គួរបញ្ជាក់ថា លោក ចេសុន គ្រីនប្លាត់ បានផ្តល់ប្រឹក្សាដល់លោក ដូណាល់ ត្រាំ ជុំវិញបញ្ហាជម្លោះ អារ៉ាប់-អ៉ីស្រាអែល នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ហើយលោក ត្រាំ បាននិយាយថាជួសមុខឲ្យរូបលោក លោក គ្រីនប្លាត់ បានធ្វើការចរចាលើមុខជំនួញដែលមានភាពស្មុគស្មា និងសំខាន់ៗជាច្រើនហើយលោក គ្រីនប្លាត់ ពិតជាសក្តិសមបំផុតសម្រាប់មុខតំណែងដ៏ថ្មីសន្លាងនេះ ដែលទទួលបន្ទុកជួយជ្រោមជ្រែងកិច្ចចរចាអន្តរជាតិគ្រប់ប្រភេទ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅទូទាំងពិភពលោក៕