(មូស្គូ)៖ ក្រុមអ្នកជំនាញបានបញ្ចេញសំឡេងសន្ទនាចុងក្រោយរបស់អាកាសយានិក នៃយន្ដហោះយោធារុស្ស៊ី ដែលបានធ្លាក់នៅឯតំបន់សមុទ្រខ្មៅ កាលពីថ្ងៃទី២៥ ខែធ្នូ ហើយបើតាមសំឡេងដែលត្រូវបានរក្សាទុកនៅក្នុងប្រអប់ខ្មៅ មូលហេតុនៃសោកនាដកម្មនេះ អាចបណ្ដាលមកពីបញ្ហាបច្ចេកទេសជាងបញ្ហាផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦។
ប្រភពដដែលបានឱ្យដឹងដែរថា អាកាសយានិកដែលបញ្ជាលើយន្ដហោះធុន Tu-154 ដែលបានធ្លាក់នៅក្បែរទីក្រុងស៊ូឈីនៃតំបន់សមុទ្រខ្មៅ បាននិយាយពីប្រព័ន្ធបញ្ហា ស្លាបទប់លំនឹង មុននឹងយន្ដហោះនេះធ្លាក់ ពោលគឺ នៅខណៈពេលការថតសំឡេងដោយប្រអប់ខ្មៅត្រូវបានកាត់ផ្ដាច់ភ្លាមៗ គេលឺពីឡុតម្នាក់ស្រែកថា «ចង្រៃមែន! ស្លាបទប់លំនឹង» មុននឹងស្រែកថា «យន្ដហោះរបស់យើងកំពុងធ្លាក់ហើយ»។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយព័ត៌មាននេះពុំទាន់ត្រូវបានគេទទួលស្គាល់ជាផ្លូវការឡើយ គ្រាន់តែពេលនេះធ្វើឱ្យគេកាន់តែជឿជាក់ថា បញ្ហាបច្ចេកទេសស្លាបយន្ដហោះអាចជាមូលហេតុដើម នៃសោកនាដកម្មធ្លាក់យន្ដហោះនេះដែលបានផ្ដាច់យកអាយុជីវិតមនុស្សទាំងអស់ ៩២នាក់។
គួររំលឹកថាយន្ដហោះយោធារុស្ស៊ីធុន Tu-154 ដឹកមនុស្ស ៩២នាក់បានបាត់ចេញពីប្រព័ន្ធរ៉ាដានៅម៉ោងប្រមាណជា ០៥ ៖២៥នាទីទៀបភ្លឺកាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) ក្រោយពេលហោះចេញពី ទីក្រុងស៊ូឈី ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ប្រទេសស៊ីរី ដើម្បីអបអរសារទរបុណ្យណូអ៊ែល និងរៀបចំការប្រគុំតន្ត្រីសម្រាប់កងទ័ពរុស្ស៊ីដែលកំពុងឈរជើងនៅទីនោះ ហើយរហូតមកទល់នឹងពេលនេះសាកសពមនុស្ស ១៣នាក់ត្រូវបានគេស្រង់ចេញពីទឹកសមុទ្រ។
កាលពីដំបូងឡើយ រដ្ឋមន្ត្រីដឹកជញ្ជូនរុស្ស៊ី លោក Maksim Sokolov បានអះអាងថា ប្រអប់ខ្មៅដែលរកឃើញគឺជាឧបករណ៍រក្សាទុកទិន្នន័យមិនមែនជា ឧបករណ៍រក្សាទុកសំឡេងនោះឡើយ ប៉ុន្តែក្រោយមកទើបគេបញ្ជាក់ថាវាជាប្រដាប់ថតសំឡេង (Voice Recorder) ដែលក្រុមជំនាញកំពុងធ្វើការទាញយកទិន្នន័យនៅឡើយ៕