(វ៉ាស៊ីនតោន)៖ នៅក្នុងឆ្នាំ២០១៥សហរដ្ឋអាមេរិកបានវ៉ាដាច់ប្រទេសបារាំង និងរុស្ស៉ីនៅក្នុងការលក់សព្វាវុធ ជាមួយនឹងទឹកប្រាក់ចំនួន៤០ពាន់លានដុល្លារ ដែលប្រហាក់ ប្រហែលនឹងពាក់កណ្តាលនៃតម្លៃសព្វាវុធទាំងអស់ដែល ត្រូវបានលក់នៅទូទាំងពិភពលោកកាលពីឆ្នាំមុននេះ ហើយប្រការនេះបានធ្វើឲ្យអាមេរិកក្លាយជាប្រទេសដែលគ្រប់គ្រងទីផ្សារអាវុធសកល ដោយស្ថិតនៅចំណាត់ថ្នាក់កំពូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៉ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមរបាយការណ៍ចុងក្រោយបំផុត ចំណូលដែលរកបានពីការលក់សព្វាវុធនៅទូទាំងសកលលោក បានថមថយពី ៨៩ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៤ មកត្រឹម ៨០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៥ ប្រហែលជាបានបណ្តាលមកពីការធ្លាក់ចុះនៃតម្លៃប្រេងដែលជាកត្តាដាក់កំណត់ទៅលើចំនួនទឹកប្រាក់ប្រទេសមួយចំនួនអាចបង្វែរចូលទៅក្នុងការទិញសព្វាវុធ ប៉ុន្តែទោះជាយ៉ាងនេះក្តីប្រទេសកាតា បានចំណាយលុយប្រហែល ១៧ពាន់លានដុល្លារទៅលើការទិញដូរសព្វាវុធ។
បន្ថែមពីនេះការបញ្ជាទិញថ្មីៗពីសំណាក់ព្រះរាជាណាចក្រ អារ៉ាប់ប៊ី សាអ៊ូឌីត, អ៉ីរ៉ាក់, និងកូរ៉េខាងត្បូង បានចូលរួមចំណែកយ៉ាងធំធេងនៅក្នុងចំណូល ដែលរកបានពីការលក់ សព្វាវុធរបស់សហរដ្ឋអាមេរិក ហើយជាងនេះទៅទៀតទំនាក់ទំនងដ៏យូរអង្វែង ជាមួយអ្នកទិញបរិក្ខារយោធានៅជុំវិញពិភពលោក បានជួយឲ្យប្រទេសមហាអំណាចមួយនេះធានាបាននូវការបញ្ជាទិញថ្មីៗជាច្រើនពីប្រជាជាតិទាំងឡាយ ដែលធ្លាប់បានប្រើប្រាស់ផលិតផលសព្វាវុធ របស់អាមេរិកអស់រយៈពេលយូរគួរសម។
ជាមួយគ្នានេះដែររបាយការណ៍ខាងលើបានគូសបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងនៃការលក់ប្រភេទសព្វាវុធរបស់សហរដ្ឋអាមេរិកក៏ត្រូវបានពង្រីកវិសាលភាពផងដែរ ដោយរួមមានទាំងគ្រឿងបន្លាស់, គ្រាប់, ការបំពាក់បំប៉ន, សេវាកម្មគាំទ្រផ្សេងៗ ដែលមានតម្លៃថ្លៃគួរឲ្យកត់សម្គាល់ភ្ជាប់ទៅជាមួយពួកវា។
គួរបញ្ជាក់ថាបើយោងតាមប្រភពដដែលសម្រាប់ការលក់សព្វាវុធរបស់ប្រទេសរុស្ស៉ីវិញ គឺមានប្រទេសចិនសំខាន់ជាងគេរួមជាមួយ និងឥណ្ឌា, ម៉ាឡេស៊ី, វៀតណាម, ព្រុយណេ, និងឥណ្ឌូណេស៊ី ដែលជាអ្នកជំរុញ។ អ្វីដែលទាក់ទាញអតិថិជនរបស់រុស្ស៊ីបំផុតនោះ គឺមីស៊ីល និងយន្តហោះចម្បាំង ប៉ុន្តែប្រព័ន្ធសព្វាវុធខាងវិស័យយោធាជើងទឹកវិញពុំសូវមានប្រជាប្រិយភាពនោះឡើយ៕