(ហាវ៉ៃ)៖ នាយរដ្ឋមន្រី្តជប៉ុន លោក ស៊ីនហ្សូ អាបេ បានបំពេញដំណើរទស្សនកិច្ចមួយជាប្រវត្តិសាស្ត្រនៅថ្ងៃអង្គារ ទៅកាន់មូលដ្ឋានទ័ពអាកាសអាមេរិក Pearl Harbour ដោយលោកបានចូលរួមរំលែកមរណៈទុក្ខដល់កងទ័ពអាមេរិកច្រើនជាង ២,០០០នាក់ដែលបានស្លាប់ នៅក្នុងការវាយប្រហារទម្លាក់គ្រាប់បែក ពីសំណាក់កងទ័ពជប៉ុនកាលពីជាង ៧០ឆ្នាំមុននៃអំឡុងសម័យសង្រ្គាមលោកលើកទី២ ប៉ុន្តែគ្មានឡើយពាក្យសូមទោសចេញពីមាត់លោកអាបេ ខណៈលោក អូបាម៉ា អះអាងថាបច្ចុប្បន្នទំនាក់ទំនងរវាងអាមេរិក-ជប៉ុន រឹងមាំលើសពេលណាៗទាំងអស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦។
ដំណើរទស្សនកិច្ចរបស់លោក អាបេ ធ្វើឡើងនៅរយៈពេល ៧ខែបន្ទាប់ពីប្រធានាធិបតីអាមេរិក ជិតផុតអាណត្តិលោក បារ៉ាក់ អូបាម៉ា បានទៅទស្សនកិច្ចនៅឯទីក្រុងហ៊ីរ៉ូស៊ីម៉ា ក៏ដូចជាគោរពវិញ្ញាណក្ខន្ធជនរងគ្រោះរាប់ពាន់នាក់ដែលបានស្លាប់ ដោយសារការទម្លាក់គ្រាប់បែកបរមាណូ របស់កងទ័ពអាមេរិក។ ប៉ុន្តែនៅក្នុងឱកាសនោះដែរលោក អូបាម៉ា មិនបានធ្វើការសូមទោសឡើយ ហើយដោយឡែកក្រៅតែពីគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកមរណៈទុក្ខដល់ជនរងគ្រោះ នៅថ្ងៃអង្គារម្សិលមិញ នាយករដ្ឋមន្រ្តីជប៉ុន ក៏មិនបាន សូមទោសសហរដ្ឋអាមេរិកនោះដែរ។
លោក អាបេ លើកឡើងដូច្នេះថា៖ «ក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុន ខ្ញុំសូមសម្ដែងមរណៈទុក្ខដោយស្មោះត្រង់ ចំពោះអ្នកដែលបានបាត់បង់ជីវិតនៅទីនេះ (Pearl Habour) [...] ហើយយើងមិនគួរបង្កឱ្យមានសង្រ្គាមដ៏គួរ ឱ្យភ័យខ្លាចនេះជាថ្មីម្ដងទៀតនោះទេ»។ ចំណែកឯលោក អូបាម៉ា ក៏បានទទួលស្គាល់ដែរថា «សម្ព័ន្ធភាពរបស់យើង (អាមេរិក -ជប៉ុន) មិនធា្លប់ដែលបានរឹងមំាដូចពេលបច្ចុប្បន្ននេះទេ [...] ចរិតលក្ខណៈរបស់ប្រទេសមួយ ត្រូវបានកំណត់នៅក្នុងសង្រ្គាម ប៉ុន្តែវាក៏ត្រូវបានកំណត់ផងដែរនៅក្នុងសន្តិភាព។ ខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នាអាចនឹងបញ្ជូនសារមួយ ទៅកាន់ពិភពលោក នោះគឺជ័យជម្នះមិនមែនជាសង្រ្គាមនោះទេ តែជាសន្តិភាព ការផ្សះផ្សា និងភាពមិនសងសឹកគ្នាទៅវិញទៅមក»។
គួររំលឹកថា ការវាយប្រហារទម្លាក់គ្រាប់បែករបស់កងទ័ពជប៉ុន លើមូលដ្ឋានទ័ព Pearl Harbour បានផ្ដាច់យកជីវិតកងទ័ព អាមេរិកច្រើនជាង ២,០០០នាក់ ហើយវាក៏ជាកត្តាមួយផងដែរ ជំរុញឱ្យសហរដ្ឋអាមេរិក ចូលរួមពេញទំហឹងក្នុងសង្រ្គាមលោកលើកទី២៕