(ហាវៃ)៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក សិន ហ្សូអាបេ ទៅកាន់មូលដ្ឋានទ័ពអាកាសអាមេរិក Pearl Harbour នៃកោះហាវៃ ដែលធ្លាប់ទទួលរងគ្រោះដោយសារការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពជប៉ុន នៅអំឡុងសម័យសង្រ្គាមលោកលើកទី២ មិនមែនមានន័យថា ជប៉ុនយល់ព្រមសូមទោសសហរដ្ឋអាមេរិកនោះទេ ហើយការសូមទោសនេះក៏មិនស្ថិត នៅក្នុងរបៀបវារៈនៃដំណើរទស្សនកិច្ចនេះដែរ។ នេះបើតាមការចេញផ្សាយដោយសារ ព័ត៌មានចិន CCTV នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦។
ដំណើរទស្សនកិច្ចរបស់លោក អាបេ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកផុតអណត្តិ លោក បារ៉ាក់ អូបាម៉ា បានបំពេញទស្សនកិច្ចជាប្រវត្តិសាស្រ្តកាលពីខែឧសភា ទៅកាន់ទីក្រុងហីរ៉ូស៊ីម៉ា ជាទីដែលទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានផ្ដល់មេរៀនដ៏ជូចត់មិនអាចបំភ្លេចបានសម្រាប់ជប៉ុន នោះគឺរសជាតិគ្រាប់បែកនុយក្លេអ៊ែ។ តែយ៉ាងណាក៏ដោយ នៅក្នុងឱកាសនោះដែរ លោក អូបាម៉ា មិនបានសូមទោស ទីក្រុងតូក្យូឡើយ។
ដោយឡែកពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោក អាបេ, រដ្ឋាភិបាលទីក្រុងប៉េកាំង បានឆ្លៀតយកឱកាសនេះរំលឹកឡើងវិញនូវទង្វើដែលកងទ័ពជប៉ុន បានប្រព្រឹត្តិមកលើប្រជាជនចិន ដោយអះអាងការវាយប្រហារទៅលើមូលដ្ឋានទ័ព Pearl Harbour គឺជាសោកនាដកម្មមួយសម្រាប់ប្រជាជនអាមេរិក ក៏ប៉ុន្តែ ជាពិសេសគឺជប៉ុន មិនត្រូវបំភ្លេចឡើយការសូមទោសចំពោះការឈ្លានពាន និងការសម្លាប់រង្គាលប្រជាជនចិន នៅក្នុងទីក្រុងណានជីង។
នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦ស្អែកនេះលោក ស៉ីនហ្សូ អាបេ នឹងអមដំណើរដោយប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ដែលវានឹងក្លាយជាដំណើរទស្សនកិច្ចលើកទីមួយ មិនធ្លាប់មានឡើយ ដោយមេដឹកនាំនៃប្រទេសទាំងពីរទៅកាន់កំពង់ផែ Pearl Harbor គិតចាប់តាំងតែពីការវាយប្រហារបានកើតមានឡើង ហើយលោកទាំងពីរ នឹងធ្វើការបន់ស្រន់បួងសួងនៅនឹងកន្លែង ដែលបានទទួលរងការវាយប្រហារផ្ទាល់នេះ ចំពោះអ្នកដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍នោះ ប៉ុន្តែលោក អាបេ នឹងមិនធ្វើការសូមទោសនោះឡើយ ចំពោះអ្វីដែលបានកើតឡើងកាលពីអតីតកាល។
ដោយឡែកក្រោយមកទៀត លោកនាយករដ្ឋមន្រ្តីជប៉ុន និងលោកប្រធានាធិបតីអាមេរិក នឹងមានកិច្ចពិភាក្សាគ្នាមួយនៅកោះហាវ៉ៃ ដែលជាកិច្ចប្រជុំចុងក្រោយបង្អស់រវាងមេដឹកនាំទាំងពីររូប នៅមុនពេលដែលលោក អូបាម៉ា ចាកចេញពីកៅអីជាប្រធានាធិបតីនាខែមករា ឆ្នាំ២០១៧ ឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ដែរថា កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៤១ កងទ័ពជើងទឹករបស់អធិរាជជប៉ុន បានលួចបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ទៅលើកងនាវា ជើងទឹកអាមេរិក ដែលមានមូលដ្ឋាននៅកំពង់ផែ Pearl Harbor នៃកោះហាវ៉ៃ ដោយភាគីអាមេរិកពុំបានដឹងខ្លួនជាមុននោះឡើយ ដែលហេតុនេះហើយទើបធ្វើឲ្យកងទ័ព ក៏ដូចជាប្រជាជនស៊ីវិលអាមេរិករាប់ពាន់នាក់ បានបាត់បង់ជីវិតនៅហេតុការណ៍នោះ ហើយវាក៏ជាកត្តាដែលបង្ខំឲ្យអាមេរិកលូកដៃ ចូលក្នុងសង្រ្គាមលោកលើកទីពីរផងដែរ៕