(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ហេនរី ឃីសស៊ីនហ្គឺ (Henry Kissinger) កំពុងមានផែនការ និងគិតគូធ្វើយ៉ាងណាក្នុងការផ្ដល់ប្រឹក្សាដល់ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ ដើម្បីផ្សះផ្សាឡើងវិញនូវទំនាក់ទំនង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ខណៈវិស័យយោធារបស់ចិនកាន់តែរីកចំរើនទៅមុខ ហើយដែលយុទ្ធសាស្ត្របែបនេះ សហរដ្ឋអាមេរិកក៏ធ្លាប់បានប្រើផងដែរនៅអំឡុងសម័យសង្រ្គាមត្រជាក់ តាមរយៈការសហការជាមួយទីក្រុងប៉េកាំងប្រឆាំងនឹងការពង្រីកឥទ្ធិពលលទ្ធិកុម្មុយនីស្ដពីសំណាក់អតីតសហភាពសូវៀត។ នេះបើតាមរបាយការណ៍សម្ងាត់មួយចេញផ្សាយដោយកាសែតអាល្លឺម៉ង់ Bild និងចុះផ្សាយបន្តដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ ២០១៦។
កាសែតអាល្លឺម៉ង់ដដែលបានឱ្យដឹងថា យោងតាមការវិភាគព័ត៌មានដែលទីភ្នាក់ងារស៊ើបការសម្ងាត់អឺរ៉ុប ទទួលបានពីក្រុមអ្នករៀបចំការផ្ទេរអំណាចរបស់លោក ដូណាល់ ត្រាំ រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំដោយមហាសេដ្ឋីអចលនទ្រព្យរូបនេះ មាន បំណងស្ដារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងលក្ខណៈស្ថាបនាជាមួយរុស្ស៊ី។ បន្ថែមពីលើនេះអតីតប្រមុខការទូតអាមេរិកជើងចាស់នៅសម័យអតីតប្រធានាធិបតីអាមេរិក លោក រីឆាត និចសុន (Richard Nixon) និង លោក ជឺរ៉ុល ហ្វត (Gerald Ford) គឺលោក ហេនរី ឃីសស៊ីនហ្គឺ បានជួបគ្នាជាច្រើនលើកកាលពីប៉ុន្មានខែមុននេះជាមួយលោក ត្រាំ ដើម្បីពិភាក្សាគ្នាពីបញ្ហានានា នេះរហូតដល់មានពាក្យចរចាមអារាមថា លោក ឃីសស៊ីងហ្គឺ អាចនឹងក្លាយជាទីប្រឹក្សានយោបាយការបរទេសក្រៅផ្លូវការរបស់លោក ត្រាំ ថែមទៀតផង។
គួរបញ្ជាក់ថាបើតាមរបាយការណ៍សម្ងាត់ខាងលើ ដើម្បីអាចផ្សះផ្សាទំនាក់ទំនងជាមួយរុស្ស៊ី ទីក្រុងវ៉ាស៊ីនតោន អាចនឹងទទួលឥទ្ធិពលរបស់រុស្ស៊ី លើប្រទេសជាអតីតដែនសហភាពសូវៀត ដូចជា អ៊ុយក្រែន ហ្ស៊កហ្ស៊ី និងកាហ្សាក់ស្ថាន ព្រមទាំងត្រូវបិទភ្នែកពាក់ព័ន្ធនឹងបញ្ហានៅតំបន់គ្រីមមៀ និងដកទណ្ឌកម្មពីទីក្រុងមូស្គូ ជាការដោះដូរនឹងការដកកងទ័ពរុស្ស៊ីចេញពីតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន ជាដើម៕