(តៃប៉ិ)៖ បន្ទាប់ពីជប៉ុន ឥឡូវនេះដល់វេនកោះតៃវ៉ាន់វិញម្ដងហើយ ដែលកំពុងតែព្រួយបារម្ភ និងតាមដានយ៉ាងយកចិត្តទុកដាក់ជុំវិញសកម្មភាពរបស់ នាវាផ្ទុក យន្ដហោះចម្បាំងចិន ដែលបាននិងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តហៃណាន់ នៃភាគខាងត្បូងប្រទេសចិន ដោយឆ្លងកាត់តាមសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ នាវាផ្ទុកយន្ដហោះចម្បាំងចិន លៀវនីង (Liaoning) ក៏ធ្លាប់បានធ្វើដំណើរជុំវិញកោះតៃវ៉ាន់ ដោយដំបូងឡើយនាវានេះធ្វើការឆ្លងកាត់តាមកោះ មីយ៉ាកុ និងកោះ អូគីណាវ៉ា របស់ជប៉ុន បន្ទាប់មកទើបបន្តឆ្ពោះទៅកាន់ភាគខាងត្បូងកោះតៃវ៉ាន់ កាត់តាមព្រែកជីក បាស៊ី (Bashi) ស្ថិតនៅរវាងកោះតៃវ៉ាន់ និងហ្វីលីពីន។
មន្ត្រីដដែលបានបញ្ជាក់ទៀតថា នាវាចម្បាំង លៀវនីង នៅតែរក្សាផ្លូវធ្វើដំណើរទៅភាគនិរតីឆ្ពោះទៅកាន់ខេត្ត ហៃណាន់ ជាជាងចូលកាន់តែជ្រៅនៅក្នុងតំបន់ជម្លោះ សមុទ្រចិនខាងត្បូង ក្បែរទីប្រជុំកោះ Spratly។ ទោះបីជាយ៉ាងណាក៏ដោយ ខាងទីក្រុងប៉េកំាងបានប្រាប់កុំឱ្យ តៃវ៉ាន់ និងជប៉ុនមានការភ័យខ្លាច និងយល់ច្រឡំធ្វើអ្វី ព្រោះថាដំណើរនាវាចម្បាំងចិនគឺគ្រាន់តែជាផ្នែកមួយនៃការធ្វើសមុយុទ្ធយោធាធម្មតាៗ ដូចទម្លាប់សព្វដងតែប៉ុណ្ណោះ។
គួរបញ្ជាក់ថាចាប់តាំងពីមានកិច្ចសន្ទនាតាមទូរស័ព្ទ រវាងប្រធានាធិបតីតៃវ៉ាន់ និងលោក ដូណាល់ ត្រាំ ទីក្រុងប៉េកាំង បានបង្ហាញការខឹងសម្បារជាខ្លំាង ហើយកាន់តែបង្កើនសកម្មភាពយោធារបស់ខ្លួន នៅតំបន់ដែនទឹកក្បែរកោះតៃវ៉ាន់ ក៏ដូចជានៅតំបន់សមុទ្រចិនខាងត្បូង និងខាងកើតផងដែរ៕