(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លំាងចំពោះអង្គការសហប្រជាជាតិដោយបានហៅស្ថាប័នអន្តរជាតិមួយនេះថាគ្រាន់តែជា «ក្លឹបមួយសម្រាប់ក្រុមមនុស្សជជែកគ្នា លេងសើចសប្បាយតែប៉ុណ្ណោះ» ហើយដែលប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពីអង្គការសហប្រជាជាតិអនុម័តលើដំណោះស្រាយថ្កោលទោសចំពោះការធ្វើអាណានិគមរបស់អ៊ីស្រាអែល នៅលើដែនដីប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦។
កាលពីថ្ងៃទី២៣ ខែធ្នូ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្ដីព្រាងដំណោះស្រាយមួយដោយបានថ្កោលទោស និងជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវការធ្វើអាណានិគមលើដែនដីប៉ាឡេស្ទីន រួមទាំងតំបន់ហ្សេរុយសាឡឹមខាងកើត ដែលទង្វើនេះត្រូវបានចាត់ទុកថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ ក៏ប៉ុន្តែលោក ដូណាល់ ត្រាំ បានរិះគន់លើដំណោះស្រាយនេះដោយសរសេរនៅលើ Twitter ថា «អង្គការសហប្រជាជាតិធ្លាប់ជាស្ថាប័នដ៏មានសក្ដានុពល តែបច្ចុប្បន្នគ្រាន់តែជាក្លឹបមួយដែលគេប្រមូលផ្ដុំក្រុមមនុស្សដើម្បីជជែក និងលេងសើចសប្បាយប៉ុណ្ណោះ ហើយនេះពិតជារឿងគួរឱ្យសោក ស្ដាយបំផុត!»។
គួរបញ្ជាក់ថានៅក្នុងការបោះឆ្នោតអនុម័ត លើដំណោះស្រាយថោ្កលទោសអ៊ីស្រាអែល សហរដ្ឋអាមេរិក មិនបានប្រើសិទ្ធិវ៉េតូ ឬសិទ្ធិជំទាស់នោះទេ តែបានធ្វើអនុប្បវាទ រីឯអ៊ីស្រាអែលក៏បានកោះហៅមន្ត្រីទូតអាមេរិកមកបំភ្លឺផងដែរ៕