(សេអ៊ូល)៖ ក្រុមអ្នកតំណាងរាស្ត្រចំនួន ២៩រូបនៃគណបក្ស Saenuri របស់លោកស្រីប្រធានាធិបតី ផាក គឺនហេ បានប្រកាសចែកផ្លូវគ្នាជាផ្លូវការហើយនៅថ្ងៃអង្គារនេះ បន្ទាប់ពីពួកគេមិនពេញចិត្តចំពោះកំណែទម្រង់របស់លោកស្រី ផាក ក្នុងការដោះស្រាយបញ្ហារឿងអាស្រូវជាមួយស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ អតីតប្រធានក្រុមអ្នកតំណាងរាស្ត្រ លោកយូ សឹងមីន (Yoo Seung-min) បានអះអាងពីគំរោងបង្កើតគណប្សថ្មីមួយ ដោយដាក់ឈ្មោះបណ្ដោះអាសន្នថា «គណបក្សអភិរក្សនិយមថ្មីដើម្បីកំណែទម្រង់ (New Conservative Party for Reform)»។ លោក យូ បានលើកឡើងដូច្នេះថា «គណបក្សអភិរក្សនិយមថ្មីដើម្បីកំណែទម្រង់ នឹងដើរលើផ្លូវថ្មីមួយដែលនឹងក្លាយទៅជាអ្នកភិរក្សនិយមយ៉ាងពិតប្រាកដ [...] ហើយផ្លូវដែលយើងនឹងត្រូវដើរនេះ គឺជាមាគ៌ាតែមួយគត់ ក្នុងការធ្វើកំណែទម្រង់រដ្ឋ និងការអភិវឌ្ឍលិទ្ធប្រជាធិបតេយ្យសំដៅការពារ សេរីភាព ប្រជាធិបតេយ្យ ក៏ដូចជាការបង្កើតសង្គម មួយដ៏ល្អប្រសើរសម្រាប់ប្រជាជាតិកូរ៉េ»។
គួរបញ្ជាក់ថាកាលពីដំបូងឡើយតំណាងរាស្ត្រមកពីគណបក្សលោកស្រី ផាក ចំនួន ៣៥រូបបានប្រកាសថា នឹងចាកចេញពីគណបក្ស ក៏ប៉ុន្តែនៅថ្ងៃអង្គារនេះ មានតែ ២៩នាក់ប៉ុណ្ណោះដែលបានសម្រេចចែកផ្លូវគ្នា ហើយដែលនេះគឺជាលើកដំបូងបំផុតនៃការបែកបាក់គ្នា នៅក្នុងចំណោមក្រុមអ្នកនយោបាយអភិរក្សនិយម ចាប់តំាងពីគណបក្សអភិរក្សនិយម Saenuri បង្កើតឡើងនៅឆ្នាំ១៩៩០៕