(មូស្គូ)៖ ប្រអប់ខ្មៅត្រូវបានក្រុមរុករក​ស្រង់ចេញពីក្នុង​ទឹកសមុទ្រហើយ ខណៈសាកសពមនុស្ស​យ៉ាងហោច​ណាស់ ១៣នាក់ក៏ត្រូវបានគេរកឃើញនៅក្នុង​ប្រតិបត្តិការស្វែងរក​ យន្ដហោះយោធារុស្ស៊ីដែលបានធ្លាក់នៅ​ក្នុង​សមុទ្រ​ខ្មៅកាលពិថ្ងៃអាទិត្យ ហើយសាកសពមនុស្ស​ជាច្រើនាក់ផ្សេង​ទៀតត្រូវ​បានគេជឿជាក់​ថា អាច​នៅ​ជាប់​​ក្នុងយន្ដហោះដែលលិចក្នុងទឹកនោះ។ នេះបើតាមការចេញផ្សាយ​ដោយសារ​ព័ត៌មាន RT នៅមុននេះបន្តិច នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦។

យោងតាមក្រសួងការពាររុស្ស៊ី ក្រុមអ្នកជួយសង្រ្គោះប្រមាណជា ៣,៥០០នាក់ រួមជាមួយនាវា ៣៩គ្រឿង និងក្រុមអ្នកមុជទឹកបាន ចេញប្រតិបត្តិការ​ស្វែងរកប្រអប់ខ្មៅរបស់យន្ដហោះ ក៏ដូចជាសាកសព​ជនរងគ្រោះ​ទាំងអស់ ហើយជាលទ្ធផលពួកគេ​បានរកឃើញសាកសពមនុស្ស ១៣នាក់ ប្រអប់ខ្មៅមួយ និង​បំណែក​ចំនួន១៥០ នៃយន្ដហោះយោធារុស្ស៊ីធុន Tu-154 ដែលត្រូវបានបញ្ជូន តាមយន្ដហោះយោធា​មួយគ្រឿង​ទៅកាន់​​ទីក្រុងមូស្គូ ដើម្បីធ្វើតេស្ដ DNA និងត្រួតពិនិត្យស្រង់យកទិន្នន័យនៃការសន្ទនារបស់ពីឡុត។

គួរបញ្ជាក់ថា​យន្ដហោះយោធារុស្ស៊ីធុន Tu-154 ដឹកមនុស្ស ៩២នាក់ បានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅម៉ោងប្រមាណជា ០៥ ៖២៥នាទីទៀបភ្លឺថ្ងៃអាទិត្យ (ម៉ោងនៅទីក្រុងមូស្គូ) ក្រោយពេលហោះចេញពី ទីក្រុងស៊ូឈី នៃភាគខាងត្បូងប្រទេសរុស្ស៊ី​ក្នុងដំណើរផ្លូវ​ឆ្ពោះទៅកាន់​ប្រទេសស៊ីរីដើម្បីអបអរ​សារទរ​បុណ្យណូអ៊ែល និងរៀបចំការប្រគំតន្ត្រីសម្រាប់កងទ័ពរុស្ស៊ី ដែលកំពុងឈរជើង​នៅទីនោះ។ រីឯការសន្និដ្ឋាន​ជំហានដំបូងឲ្យដឹងថា មូលហេតុធ្លាក់​គឺអាចបណ្ដាលមកពីបញ្ហាបច្ចេកទេស ឬកំហុសរបស់ពីឡុត ហើយវាមិនមែនជាទង្វើភេរវកម្មនោះទេ៕