(ញូយ៉ក)៖ គណនី Twitter របស់ក្រុមហ៊ុនដ៏ថ្មីខាងវិស័យកម្សាន្តរបស់អាមេរិក Sony Music ត្រូវបានគេ Hack ហើយបានធ្វើការចេញផ្សាយបោកប្រាសថា អតីតរាជនីចម្រៀងប៉ុប (Pop Music) អ្នកនាង ប្រ៊ីតនី ស្ពៀរយ៍ (Britney Spears) បានទទួលមរណភាពបាត់ទៅហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦។
នៅថ្ងៃអង្គារនេះគណនីរបស់ក្រុមហ៊ុនចម្រៀង Sony Music ដែលមានឈ្មោះថា «Sony Music Global» នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter បានបង្ហោះសារយ៉ាងខ្លីមួយថា «RIP @britneyspears» និង «#RIPBritney 1981-2016» ដោយភ្ជាប់ជាមួយនូវរូបភាពនៃទឹកមុខស្រក់ទឹកភ្នែកយ៉ាងកំសត់ថែមទៀតផង ហើយក្រោយមកសារក្លែងក្លាយទាំងប៉ុន្មាននោះ ក៏ត្រូវបានលុបចោលវិញ។
ក្រុមហ៊ុន Sony Music ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sony Corporation ដ៏ធំរបស់ជប៉ុនបានឲ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍យ៉ាងខ្លីមួយថា គណនីនៅលើបណ្តាញសង្គមរបស់ខ្លួនត្រូវបានគេ Hack ប៉ុន្តែពេលនេះស្ថានការណ៍បានស្ថិតក្រោមការគ្រប់គ្រង និងវិលទៅរកសភាពប្រក្រតីដូចដើមវិញហើយ ហើយក្រុមហ៊ុនក៏បានសូមអភ័យទោសចំពោះអ្នកនាង ប្រីតនី ស្ពៀរយ៍ ក៏ដូចជាអ្នកគាំទ្ររបស់អ្នកនាងផងដែរសម្រាប់ការភ័ន្តច្រឡំណាមួយដែលបានកើតមានឡើង។
ទន្ទឹមគ្នានេះអ្នកចាត់ការរបស់អ្នកនាង ស្ពៀរយ៍ លោក អាដាំ លេបឺ (Adam Leber) បានប្រាប់ស្ថានីយទូរទស្សន៍ CNN ថាពុំមានអ្វីកើតឡើងចំពោះកំពូលតារាចម្រៀងអន្តរជាតិ និងជាម្ចាស់ពានរង្វាន់ហ្គ្រេម្មី (Grammy Award) វ័យ ៣៥ឆ្នាំរូបនេះឡើយ។
គួរបញ្ជាក់ថាក្រុមហ៊ុនកម្សាន្ត Sony Pictures ក៏ធ្លាប់ជាជនរងគ្រោះដោយការវាយលុកតាមរយៈប្រព័ន្ធអ៉ីនធឺណែតផងដែរកាលពីខែវិច្ឆិកា ឆ្នាំ២០១៤ ដែលការិយាល័យ ស៊ើបអង្កេត សហព័ន្ធអាមេរិកបានធ្វើការសន្និដ្ឋានថាគឺជាថ្វីដៃរបស់កូរ៉េខាងជើង ដោយការ Hack នាពេលនោះត្រូវបានធ្វើឡើងតែមួយខែប៉ុណ្ណោះមុនពេលដែលក្រុមហ៊ុនផលិតភាពយន្ត Sony Pictures បានគ្រោងនឹងដាក់បញ្ចាំងរឿង «The Interview» ដែលស្តីអំពីអ្នកសារព័ត៌មានចំនួនពីរនាក់ ត្រូវបានជ្រើសរើសដោយទីភ្នាក់ងារចារកម្ម CIA របស់សហរដ្ឋអាមេរិកឲ្យទៅធ្វើឃាតប្រមុខដឹកនាំកំពូល នៃប្រទេសកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន៕