(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៉ីនហ្សូ អាបេ បានឆ្លៀតឱកាសសម្តែងការគោរព នៅតាមកន្លែងគោរពវិញ្ញាណក្ខន្ធមួយចំនួននៅកោះហាវ៉ៃ សហរដ្ឋអាមេរិក មុនដំណើរទស្សនកិច្ចរបស់លោក ទៅកាន់កំពង់ផែ Pearl Harbor ដែលជាមូលដ្ឋានយោធាជើងទឹករបស់អាមេរិក ដែលបានទទួលរងការវាយប្រហារ ដោយកងទ័ពរបស់អធិរាជជប៉ុន កាលពីឆ្នាំ១៩៤១។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦។
បន្ទាប់ពីបានចាកចេញពីលើយន្តហោះ លោកនាយករដ្ឋមន្រ្តីជប៉ុន ជាដំបូងបានធ្វើដំណើរឆ្ពោះទៅកាន់ទីលានបញ្ចុះសាកសពជាតិ នៃតំបន់មហាសមុទ្រប៉ាស៉ីហ្វិក ដែលជាកន្លែងគោរពវិញ្ញាណក្ខន្ធ នៃយុទ្ធជនដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងស្ថិតនៅចំកណ្តាលទីក្រុងហូណូលូលូ (Honolulu) ហើយលោក ស៉ីនហ្សូ អាបេ បានដាក់កម្រងផ្កាមួយបាច់នៅទីនោះ និងបានចំណាយពេលមួយសន្ទុះ ដើម្បីឈរសម្តែងការគោរពយ៉ាងស្ងៀមស្ងាត់។
នៅថ្ងៃពុធស្អែកលោក ស៉ីនហ្សូ អាបេ នឹងអមដំណើរដោយប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ដែលវានឹងក្លាយជាដំណើរទស្សនកិច្ចលើកទីមួយ មិនធ្លាប់មានឡើយ ដោយមេដឹកនាំនៃប្រទេសទាំងពីរទៅកាន់កំពង់ផែ Pearl Harbor គិតចាប់តាំងតែពីការវាយប្រហារបានកើតមានឡើង ហើយលោកទាំងពីរ នឹងធ្វើការបន់ស្រន់បួងសួងនៅនឹងកន្លែង ដែលបានទទួលរងការវាយប្រហារផ្ទាល់នេះ ចំពោះអ្នកដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍នោះ ប៉ុន្តែលោក អាបេ នឹងមិនធ្វើការសូមទោសនោះឡើយ ចំពោះអ្វីដែលបានកើតឡើងកាលពីអតីតកាល។
ដោយឡែកក្រោយមកទៀត លោកនាយករដ្ឋមន្រ្តីជប៉ុន និងលោកប្រធានាធិបតីអាមេរិក នឹងមានកិច្ចពិភាក្សាគ្នាមួយនៅកោះហាវ៉ៃ ដែលជាកិច្ចប្រជុំចុងក្រោយបង្អស់រវាងមេដឹកនាំទាំងពីររូប នៅមុនពេលដែលលោក អូបាម៉ា ចាកចេញពីកៅអីជាប្រធានាធិបតីនាខែមករា ឆ្នាំ២០១៧ ឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ដែរថា កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៤១ កងទ័ពជើងទឹករបស់អធិរាជជប៉ុន បានលួចបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ទៅលើកងនាវាជើងទឹកអាមេរិក ដែលមានមូលដ្ឋាននៅកំពង់ផែ Pearl Harbor នៃកោះហាវ៉ៃ ដោយភាគីអាមេរិកពុំបានដឹងខ្លួនជាមុននោះឡើយ ដែលហេតុនេះហើយទើបធ្វើឲ្យកងទ័ព ក៏ដូចជាប្រជាជនស៊ីវិលអាមេរិករាប់ពាន់នាក់ បានបាត់បង់ជីវិតនៅហេតុការណ៍នោះ ហើយវាក៏ជាកត្តាដែលបង្ខំឲ្យអាមេរិកលូកដៃ ចូលក្នុងសង្រ្គាមលោកលើកទីពីរផងដែរ៕