(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិមែនទែន លោក បារ៉ាក់ អូបាម៉ា បាននិយាយថា លោកនឹងឈ្នះលោក ដូណាល់ ត្រាំ ដោយទទួលបានសំឡេងគាំទ្រភាគច្រើនពីប្រជាជនអាមេរិក បើសិនជាលោកអាចឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិកម្ដងទៀត សម្រាប់អាណត្តិទី៣នោះ ប៉ុន្តែលោក ដូណាល់ ត្រាំ អះអាងថាវាជារឿងដែលមិនអាចទៅរួច ឬគ្មានផ្លូវនោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងបទសម្ភាសន៍មួយចេញផ្សាយនៅថ្ងៃចន្ទ លោក បារ៉ាក់ អូបាម៉ា បានគូសបញ្ជាក់ថា «ខ្ញុំជឿជាក់ថាបើសិនជាខ្ញុំចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសាជាថ្មី នោះខ្ញុំនឹងឈ្នះដោយទទួលបានគាំទ្រភាគច្រើនពីប្រជាជនអាមេរិក»។ ប៉ុន្តែឆ្លើយតបទៅនឹងការលើកឡើងនេះដែរប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានសរសេរនៅលើ Twitter ថា «គ្មានផ្លូវនោះទេ» ឬ «No Way!» ហើយលោកថែមទាំងបញ្ជាក់ថា លោកនឹងបង្កើតការងារនៅក្នុងសហរដ្ឋអាមេរិកព្រមទាំងតស៊ូប្រយទ្ធប្រឆាំងនឹងក្រុមភេរវករ ISIS បូករួមទាំងគោលនយោបាយ ObamaCare ផងដែរ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលថ្មីរបស់លោក នឹងស្បថចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ខណៈក្រុមអ្នកជំនាញនយោបាយខ្លះយល់ថា ប្រធានាធិបតីអាមេរិកថ្មីរូបនេះ អាចនឹងលុបចោលពី ៦០ ទៅ ៧០ភាគរយនៃគោលនយោបាយ ឬការអនុវត្តនានាដែលចុះហត្ថលេខា ដោយលោក បារ៉ាក់ អូបាម៉ា។ ងាកមកមើលច្បាប់រដ្ឋធម្មនុញ្ញអាមេរិកវិញ គឺបានចែងយ៉ាងច្បាស់លាស់ថា ប្រធានាធិបតីមួយរូបមានសិទ្ធិកាន់អំណាចបានតែពីរអាណត្តិប៉ុណ្ណោះ ដែលមួយអាណត្តិស្មើនឹងបួនឆ្នាំ៕