(អ៊ូហ្គង់ដា)៖ មនុស្សយ៉ាងហោចណាស់ចំនួន៣០នាក់បានលង់ទឹក នៅក្រោយពេលដែលទូកផ្ទុក ទៅដោយកីឡាករបាល់ទាត់មួយក្រុម រួមជាមួយនិងអ្នកគាំទ្រ របស់ពួកគេបានក្រឡាប់លិច នៅលើបឹងអាល់បឺត (Lake Albert) ក្នុងប្រទេសអ៊ូហ្គង់ដា។ នេះបើតាមសម្តីមន្រ្តីប៉ូលិសអ៊ូហ្គង់ដា ដែលចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦។
មន្រ្តីប៉ូលិសអ៊ូហ្គង់ដា ដែលនៅនឹងតំបន់កើតហេតុបានឲ្យដឹងថា ទូកដែលផ្ទុកមនុស្សណែនតាន់តាប់ខាងលើ បានដឹកមនុស្សប្រមាណជា៤៥នាក់ ហើយនៅពេលដែលវាបានបាត់បង់លំនឹងរួចក៏ក្រឡាប់លិច ដោយសារតែអ្នកដំណើរច្រើនគ្នាពេកបានចល័ត ទៅកាន់ផ្នែកម្ខាងនៃទូក។ ខណៈមកទល់ព្រឹកថ្ងៃចន្ទនេះ សាកសពមនុស្សចំនួន០៩នាក់ ត្រូវបានគេរកឃើញ និងអ្នកដំណើរចំនួន១៥នាក់ទៀតត្រូវគេជួយសង្រ្គោះបានទាន់ពេលវេលា ហើយក្រុមអ្នកនេសាទក៏កំពុងតែស្វះស្វែង ជួយអាជ្ញាធរដើម្បីតាមរកជនរងគ្រោះជាង២០នាក់ទៀត ដែលនៅតែបន្តបាត់ខ្លួននៅឡើយផងដែរ។
គួរបញ្ជាក់ដែរថា អ្នកដំណើរភាគច្រើនបានស្ថិតនៅក្នុងសភាពស្រវឹងជោគ អំឡុងពេលពួកគេធ្វើដំណើរនៅលើទូក ដែលបានជួបគ្រោះថ្នាក់ ហើយមនុស្សមួយក្រុមនេះ មានគោលដៅចេញពីស្រុក Buliisa ដើម្បីទៅចូលរួមការប្រកួតបាល់ទាត់មួយ នាឱកាសនៃបុណ្យគ្រីស្មាស់នៅក្នុងស្រុក Hoima ដោយបានច្រៀងលេង យ៉ាងសប្បាយរីករាយនៅមុនពេលជួបសោកនាដកម្ម ដ៏គួរឲ្យស្តាយនេះ៕