(ពិភពលោក)៖ យន្តហោះយោធារុស្ស៊ី TU-154 Tupolev ដែលមានផ្ទុកមនុស្ស៩២នាក់ ក្នុងនោះរួមទាំងក្រុមអ្នកចម្រៀង អ្នករាំ និងសមាជិកវង់ភ្លេងប្រមាណ៦០នាក់ របស់យោធារុស្ស៊ី បានធ្លាក់នៅក្នុងសមុទ្រខ្មៅ ក្នុងពេលធ្វើដំណើរទៅកាន់ប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដើម្បីអបអរសាទរពិធីបុណ្យណូអែល និងឆ្លងឆ្នាំសកល ដែលបណ្តាលឱ្យមនុស្សទាំងអស់នៅលើយន្តហោះត្រូវបាត់បង់ជីវិត នេះបើយោងតាមការលើកឡើងរបស់អាជ្ញាធររុស្ស៊ី ដកស្រង់ដោយសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ។

ខាងក្រោមនេះជាព័ត៌មានលម្អិតជុំវិញហេតុការណ៍ធ្លាក់យន្តហោះខាងលើ៖

* ពេលវេលានៃធ្លាក់៖
យន្តហោះនេះបានបាត់ដំណឹងចេញពីប្រព័ន្ធរ៉ាដា នៅវេលាម៉ោង៥៖២៥នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) បន្ទាប់ពីហោះឡើងបាន រយៈពេលត្រឹម២នាទី។

* ទីតាំងហោះហើរ និងគោលដៅ៖ 

យន្តហោះនេះបានហោះហើរចេញពីទីក្រុង Sochi ភាគខាងត្បូង ប្រទេសរុស្ស៊ី ក្នុងគោលដៅឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាកាសរុស្ស៊ី ឈ្មោះ Hmeymim នៅប្រទេសស៊ីរី ដើម្បីរៀបចំកម្មវិធីកំសាន្តសប្បាយសម្រាប់យោធារុស្ស៊ីក្នុងឱកាសឆ្នាំថ្មីនេះ។ ទីនោះជាមូលដ្ឋានទ័ពអាកាសរុស្ស៊ីសម្រាប់ ប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស ដើម្បីបង្ក្រាបក្រុមបះបោរស៊ីរី។ ក្រសួងការពារជាតិរុស្ស៊ី តែងតែបញ្ជូនក្រុមតន្រ្តីទៅទីនោះជាទៀងទាត់ ដើម្បីប្រគុំតន្រ្តីផ្តល់ការកំសាន្តសម្រាប់ពួកយោធា។

* អ្នកដំណើរលើយន្តហោះ៖
យន្តហោះមានផ្ទុកអ្នកដំណើរ៨៤នាក់ និងសហសេវិក៨នាក់ ក្នុងនោះមនុស្សយ៉ាងហោចណាស់៦០នាក់ ជាសមាជិករបស់ក្រុមចម្រៀង Alexandrov Ensemble របស់រុស្ស៊ី ដែលត្រូវបានគេស្គាល់ថា ជាក្រុមសម្តែងសម្រាប់យោធារុស្ស៊ី។ ក្នុងចំណោមអ្នកធ្វើដំណើរទាំងអស់នៅលើ យន្តហោះក៏មានអ្នក​ សារព័ត៌មានរុស្ស៊ី៩នាក់ កងយោធារុស្ស៊ីមួយចំនួនផងដែរ។ ចំណែកលោក Elizaveta Glinka សមាជិកក្រុមប្រឹក្សាផ្នែកសិទ្ធមនុស្សរបស់លោក Putin ក៏ជាអ្នកដំណើរលើយន្តហោះនេះផងដែរ។ បន្ទាប់ពីហេតុការណ៍នេះកើតឡើង សារព័ត៌មានរុស្ស៊ីបានឱ្យដឹងថា គ្មានអ្នកដំណើរណាម្នាក់នៅរស់រានមានជីវិតឡើយ។

រហូតដល់ល្ងាចថ្ងៃចន្ទនេះ សាកសព១១នាក់ និងបំណែកនៃសាកសព១៥៤បំណែកត្រូវបានស្រង់ចេញពីទឹកសមុទ្រ ក្នុងនោះសាកសព១០នាក់ និងបំណែកសាកសព៨៦បំណែកត្រូវបានបញ្ជូនទៅកាន់រដ្ឋធានីម៉ូស្គូ ដើម្បីធ្វើការកំណត់អត្តសញ្ញាណ។ ក្នុងចំណោមសាកសពដែលបានស្រង់ចេញ មួយចំនួនក៏មានពាក់អាវសុវត្ថិភាពផងដែរ។

* មូលហេតុ​នៃការធ្លាក់៖

ភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA បានរាយការណ៍ឱ្យដឹងថា តាមប្រភពព័ត៌មានដើមដំបូងឡើយ យន្តហោះបានធ្លាក់ដោយសារម៉ាស៊ីនគាំងមិនដំណើរ ឬដោយសារបញ្ហាអ្នកបើកបរ។ តាមការសន្និដ្ឋានបានឱ្យដឹងថា មានវត្ថុអ្វីម្យ៉ាងបានធ្លាក់ក្នុងម៉ាស៊ីន ហើយបង្កការរាំងស្ទះដល់លំហូរប្រេង ជាហេតុធ្វើឱ្យគាំងម៉ាស៊ីន ឬបញ្ហាបច្ចេកទេស។ ចំពោះស្ថានភាពអាកាសធាតុ ក្នុងពេលកើតហេតុមានលក្ខណៈល្អប្រសើរ ដែលមិនអាចជាមូលហេតុ នៃការធ្លាក់យន្តហោះនេះនោះឡើយ។ ចំណែកសកម្មភាពវាយប្រហារភេរវកម្ម ក៏មិនមានពាក់ព័ន្ធនឹងការធ្លាក់យន្តហោះនេះដែរ។

* ប្រភេទយន្តហោះ៖

យន្តហោះ Tupolev នេះត្រូវបានផលិតឡើងក្នុងឆ្នាំ១៩៨៣ ក្នុងអំឡុងសម័យសហភាពសូវៀត។ លោក Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា យន្តហោះនេះត្រូវបានដាក់ដំណើរការកាលពីខែកញ្ញាកន្លងទៅនេះ ព្រមទាំងធ្លាប់ត្រូវបានដាក់ជួសជុលក្នុងទ្រង់ទ្រាយធំកាលពីខែធ្នូ ឆ្នាំ២០១៤ កន្លងទៅនេះ។ លោកបានឱ្យដឹងផងដែរថា អ្នកបើកបរយន្តហោះនេះ ធ្លាប់មានបទពិសោធន៍ខ្ពស់ ក្នុងការបើកបរយន្តហោះ។ ចំណែកយន្តហោះនេះត្រូវបានហោះហើរ សរុបរយៈពេល៧០០០ម៉ោង។

* ការស្រាវជ្រាវ និងជួយសង្គ្រោះ៖

បំណែកនៃយន្តហោះត្រូវបានរកឃើញនៅក្នុងសមុទ្រខ្មៅ ក្នុងជម្រៅប្រមាណ៧០ម៉ែត្រ និងចម្ងាយប្រមាណ១,៥គីឡូម៉ែត្រ ពីឆ្នេរក្បែរទីក្រុង Sochi។ ហើយក្នុងនោះ បំណែកតូចៗនៃតួយន្តហោះចំនួន៤បំណែក ត្រូវបានស្រង់ចេញពីទឹកសមុទ្រ ក្នុងជម្រៅ២៧ម៉ែត្រ ប៉ុន្តែដោយសារស្ថានភាពទឹកជ្រៅពេក បានបង្កភាពលំបាក ជាខ្លាំងដល់ការស្រាវជ្រាវ។ បើទោះបីជាបំណែកនៃតួយន្តហោះត្រូវបានរកឃើញ ប៉ុន្តែប្រតិបត្តិការស្រាវជ្រាវ នៅតែបន្តដើម្បីស្រង់សាកសពចេញពីសមុទ្រ ដោយក្នុងនោះមាននាវា៤គ្រឿង ឧទ្ធម្ភាគចក្រ៤គ្រឿង និង Drone មួយគ្រឿង កំពុងធ្វើការងារស្រាវជ្រាវនៅកន្លែងកើតហេតុ។

ជាមួយគ្នានេះដែរ ក្រុមបេសកជនយោធាក៏បានហោះហើរទៅកាន់ទីក្រុង Sochi ដើម្បីជួយដល់ការងារស្រាវជ្រាវ ខណៈដែលយោធារុស្ស៊ីដែលមានមូលដ្ឋាន នៅសមុទ្រខ្មៅ ក៏បានធ្វើដំណើរទៅកាន់ទីតាំងធ្លាក់យន្តហោះដូចគ្នា។ ហេតុនេះមនុស្សសរុបប្រមាណ៣០០០នាក់ បានចូលរួមក្នុងសកម្មភាពស្រាវជ្រាវនេះ ដោយក្នុងនោះរួមមានអ្នកមុជទឹកចំនួន១០០នាក់ ដែលត្រូវបានបញ្ជូនទៅកន្លែងកើតហេតុដោយនាវាមុជទឹកខ្នាតតូច។ ក្រុមអ្នកស៊ើបអង្កេតយោធារុស្ស៊ី បានបញ្ជាក់ថា ពួកគេបានបើកការស៊ើបអង្កេតភ្លាមៗ ទៅលើឧប្បទ្ទតវហេតុធ្លាក់យន្តហោះនេះ។

* ការកាន់មរណៈទុក្ខ៖

បន្ទាប់ពីហេតុការណ៍នេះកើតឡើង ប្រធានាធិបតីរុស្ស៊ី លោកVladimir Putin បានប្រកាសដាក់ថ្ងៃទី២៦ ខែធ្នូនេះ ជាថ្ងៃជាតិដើម្បីឧទ្ទិសដល់ជនរងគ្រោះ។ ប្រធានាធិបតីរូបនេះបានចូលរួមរំលែកមរណៈទុក្ខយ៉ាងជ្រៀលជ្រៅ ដល់អ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ក្នុងហេតុការណ៍នេះ ព្រមទាំងបានចេញបញ្ជាឱ្យនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev ដឹកនាំបេសកកម្មស៊ើបអង្កេត។ គ្រប់សារព័ត៌មានទាំងអស់ ត្រូវបានបញ្ជាឱ្យបញ្ឈប់រាល់ការចាក់ផ្សាយកម្មវិធីកំសាន្តនានា។

ចំណែកនាយករដ្ឋមន្ត្រីរុស្ស៊ី ក៏បានចូលរួមការកាន់ទុក្ខផងដែរ ដោយឈរក្នុងភាពស្ងៀមស្ងាត់រយៈពេលមួយនាទីមុនពេលបើកកិច្ចប្រជុំ។ ប្រជាពលរដ្ឋរុស្ស៊ីផ្សេងទៀត ជាច្រើនបានដាក់បាច់ផ្កានៅអាកាសយាន្តដ្ឋាន Sochi ជាទីតាំងដែលយន្តហោះចេញដំណើរ ដើម្បីបង្ហាញការកាន់ទុក្ខចំពោះជនរងគ្រោះ។
សូមជម្រាបថាកាលពីថ្ងៃទី១៩ ខែធ្នូកន្លងទៅនេះ យន្តហោះយោធា រុស្ស៊ីដែលមានផ្ទុកអ្នកដំណើរ៣៩នាក់ បានធ្លាក់នៅប្រទេស ស៊ែប៊ី ខណៈដែលយន្តហោះព្យាយាម ចុះចតជាបន្ទាន់នៅក្បែរមូលដ្ឋានយោធាមួយក្នុងសម័យសហភាពសូវៀត។ មនុស្សចំនួន៣២នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែមិនមានអ្នកណាម្នាក់នៅលើយន្តហោះត្រូវស្លាប់បាត់បង់ជីវិតឡើយ។

ដោយឡែកកាលពីឆ្នាំ២០១០កន្លងទៅនេះ ក៏មានហេតុការណ៍ធ្លាក់យន្តហោះនៅរុស្ស៊ីផងដែរ ដោយក្នុងនោះ រួមមានអតីតប្រធានាធិបតីប៉ូឡូញ លោក Lech Kaczynski រួមជាមួយអ្នកនយោបាយជាន់ខ្ពស់របស់ប្រទេសជាច្រើនរូបផ្សេងទៀត។ យន្តហោះនេះបានធ្លាក់នៅតំបន់ភាគខាងកើតប្រទេស រុស្ស៊ី ដែលបណ្តាលឱ្យមនុស្សទាំងអស់ នៅលើយន្តហោះស្លាប់បាត់បង់ជីវិត៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា

http://s3.reutersmedia.net/resources/r/?m=02&d=20161225&t=2&i=1166684515&w=640&fh=&fw=&ll=&pl=&sq=&r=LYNXMPECBO0AP