សោកនាដកម្មធ្លាក់យន្ដហោះយោធារុស្ស៊ី៖ «ក្រុមអ្នកជួយសង្រ្គោះរកឃើញ សាកសពមនុស្ស១១នាក់ នៅឯសមុទ្រខ្មៅ»
26-12-2016 21:05
(មូស្គូ)៖ ប្រភពស្និតនឹងក្រុមអ្នកជួយសង្រ្គោះរុស្ស៊ី បានឱ្យដឹងថា សាកសពមនុស្សយ៉ាងហោចណាស់ ១១នាក់ ត្រូវ បានគេរកឃើញ នៅក្នុងប្រតិបត្តិការស្វែងរកយន្ដហោះយោធារុស្ស៊ី ដែលបានធ្លាក់នៅឯសមុទ្រខ្មៅនៅថ្ងៃអាទិត្យ ម្សិល មិញ ខណៈការសន្និដ្ឋានជំហានដំបូង អះអាងថា មូលហេតុធ្លាក់ គឺអាចបណ្ដាលមកពីបញ្ហាបច្ចេកទេស ឬកំហុសរបស់ ពីឡុត មិនមែនជាទង្វើភេរវកម្មឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមក្រសួងការពាររុស្ស៊ី ក្រុមអ្នកជួយសង្រ្គោះ ៣,៥០០នាក់ បាននិងកំពុងធ្វើប្រតិបត្តិការស្វែងរកប្រអប់ខ្មៅ របស់យន្ដហោះ ក៏ដូចជាសាកសពជនរងគ្រោះទាំងអស់ ហើយជាលទ្ធផលពួកគេ បានរកឃើញសាកសពមនុស្ស ១១នាក់ និងបំណែកមួយចំនួននៃយន្ដហោះយោធារុស្ស៊ីធុន Tu-154 ដែលត្រូវបានបញ្ជូនតាមយន្ដហោះយោធាមួយ គ្រឿងទៅកាន់ទីក្រុងមូស្គូ ដើម្បីធ្វើតេស្ដ DNA និងត្រួតពិនិត្យ។
សូមជំរាបថា យន្ដហោះយោធារុស្ស៊ីធុន Tu-154 ដឹកមនុស្ស៩២នាក់ បានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅម៉ោងប្រមាណជា ០៥ ៖២៥ នាទី ទៀបភ្លឺ (ម៉ោងនៅក្នុងតំបន់) ក្រោយពេលហោះចេញពី ទីក្រុងស៊ូឈី នៃភាគខាងត្បូងប្រទេសរុស្ស៊ី ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ប្រទេសស៊ីរី ដើម្បីអបអរសារទរបុណ្យណូអ៊ែល និងរៀបចំការប្រគំតន្ត្រីសម្រាប់កងទ័ពរុស្ស៊ី ដែលកំពុងឈរជើងនៅទីនោះ។ រីឯប្រធានាធិបតីរុស្ស៊ីប្រកាសកាន់ទុកពេញមួយថ្ងៃនៅទូទាំងប្រទេសដោយចាប់ផ្ដើម នៅថ្ងៃចន្ទនេះ៕