(ម៉ានីល)៖ ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយឈ្មោះថា ណក់ធែន (Nock-Ten) កំពុងវាយប្រហារបណ្តាខេត្តមួយចំនួនដែលស្ថិតនៅភាគខាងត្បូងរដ្ឋធានីម៉ានីល នៃប្រទេសហ្វីលីពីនបន្ទាប់ពីបានផ្តាច់យកជីវិតមនុស្សយ៉ាងហោចណាស់ចំនួនបីនាក់។ នេះបើតាមមន្រ្តីប៉ូលិស និងអាជ្ញាធរក្នុងតំបន់ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦។
លោក Al Francis Bichara អភិបាលខេត្ត អាល់បេយ (Albay) ដែលស្ថិតនៅប៉ែកអាគ្នេយ៍នៃកោះលូហ្សូន (Luzon) បានឲ្យដឹងថា ជនរងគ្រោះរួមមានស្រ្តីវ័យ ៥៧ឆ្នាំម្នាក់ដែលបានបាត់បង់ជីវិតដោយសារជញ្ជាំងបេតុងដួលរលំលើជាមួយប្តីប្រពន្ធមួយគូដែលបុរសជាប្តីអាយុ ៧៣ឆ្នាំ និងស្ត្រីជាប្រពន្ធអាយុ ៧០ឆ្នាំ ដែលអ្នកទាំងពីរបានលង់ទឹកស្លាប់នៅក្នុងទន្លេ។
ជាមួយគ្នានេះដែរលោក Bichara បានបន្ថែមថា សេវាកម្មដឹកជញ្ជូន សាលារៀន និងការិយាល័យនៅក្នុងខេត្តខាងលើត្រូវបានបិទជាបណ្តោះអាសន្ន ហើយនៅទូទាំងខេត្តអាល់បេនិងបណ្តាខេត្តក្បែរខាងមួយចំនួនទៀត ក៏បានបាត់បង់ថាមពលអគ្គិសនីផងដែរ នៅក្រោយពេលដែលបានទទួលរងការវាយប្រហារដោយព្យុះទីហ្វុង ណក់ធែន ឬក៏អាចហៅម្យ៉ាងទៀតតាមប្រជាជនហ្វីលីពីនបានថា ព្យុះទីហ្វុងនីណា (Nina)។
យ៉ាងណាមិញក្រុមប្រឹក្សាគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិ ឬហៅកាត់ថា (NDRRMC) មិនទាន់បូកសរុបបានចំនួនជនរងគ្រោះជាផ្លូវការនៅឡើយទេ ដោយបានបញ្ជាក់ថា ព្យុះទីហ្វុងណក់ធែនកំពុងតែនៅបន្តវាយប្រហារលើខេត្តផ្សេងៗទៀត ខណៈពេលដែលវាធ្វើដំណើរឆ្ពោះទៅកាន់ទិសខាងលិចនៃកោះលូហ្សូនជាមួយល្បឿន ២០គីឡូម៉ែត្រក្នុងមួយម៉ោង។
គួរបញ្ជាក់ថា បើយោងតាម NDRRMC មកទល់រសៀលថ្ងៃចន្ទនេះប្រជាជនហ្វីលីពីនជាង ៧៧,៥៦០គ្រួសារ ឬ ៣៨៣,០៩៧នាក់ត្រូវបានជម្លៀសខ្លួនជាបន្ទាន់ចេញពីតំបន់ Calabarzon, Bicol, Mimaropa, និងតំបន់ Eastern Visayas ហើយព្យុះទីហ្វុងណក់ធែនឬនីណា ត្រូវបានគេព្យាករណ៍ថានឹងចាកចេញផុតពីប្រទេសហ្វីលីពីននាព្រឹកថ្ងៃពុធខានស្អែកនេះ៕