(តូក្យូ)៖ អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុនបានថ្លែងនៅថ្ងៃចន្ទនេះថា ការចល័តនៃនាវាផ្ទុកយន្តហោះចម្បាំងមួយគ្រឿងរបស់ប្រទេសចិននៅមហាសមុទ្រប៉ាស៉ីហ្វិក គឺជាការស្តែងឲ្យឃើញយ៉ាងច្បាស់ពីការពង្រីកវិសាលភាពនៃសមត្ថភាពយោធារបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ហើយប្រទេសជប៉ុនបាននិងកំពុងតាមដានមើលយ៉ាងជាប់ជានិច្ចចំពោះសកម្មភាពរបស់វា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រធានខុទ្ធកាល័យនៃគណៈរដ្ឋមន្រ្តីលោក យ៉ូស៉ីហ៉ីដេ ស៊ូហ្គា (Yoshide Suga) បានបញ្ជាក់ថារដ្ឋាភិបាលទីក្រុងតូក្យូ នឹងចាត់គ្រប់វិធានការគ្រប់បែបយ៉ាងសម្រាប់ការតាមដានឃ្លាំមើលក៏ដូចជាការព្រមាននៅក្នុងតំបន់ដល់ភាគីចិន ហើយយោងតាមបណ្តាញសារព័ត៌មានជប៉ុន នាវាផ្ទុកយន្តហោះចិនឈ្មោះថា «Liaoning» មួយគ្រឿងនេះក៏បានអមដំណើរមកជាមួយដោយនាវាចំនួន០៧គ្រឿងផ្សេងទៀតផងដែររួមមាន នាវាពិឃាតបីគ្រឿង នាវាចម្បាំងបីគ្រឿង និងនាវាផ្គង់ផ្គង់មួយគ្រឿង។
គួរបញ្ជាក់ដែរថានាវា Liaoning ត្រូវបានការសាងសង់ឡើងដោយប្រើប្រាស់គ្រោងកប៉ាល់របស់អតីតសហភាពសូវៀតដែលចិនទទួលបានកាលពីឆ្នាំ១៩៩៨ ហើយវាគឺជា នាវាផ្ទុកយន្តហោះដំបូងគេបំផុតរបស់ប្រទេសចិន ហើយជុំវិញការធ្វើនាវាចរណ៍នេះរដ្ឋាភិបាលចិនបានអះអាងថានាវា Liaong កំពុងតែអនុវត្តន៍ការហ្វឹកហ្វឺនជាប្រចាំរបស់ខ្លួននៅមហាសមុទ្រប៉ាស៉ីហ្វិកភាគខាងលិច៕