(ប៉ារីស)៖ បេក្ខភាពដែលត្រៀមធ្វើការប្រកួតប្រជែង យកតំណែងប្រធានាធិបតីបារាំងនៅឆ្នាំ២០១៧ និងជាប្រធានគណបក្សរណសិរ្សជាតិ (Front National) លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) បានអះអាងពីគោលបំណងរបស់លោកស្រី ក្នុងការរៀបចំការបោះឆ្នោតប្រជាមតិមួយស្ដីពី Frexit ឬឱ្យបារាំងចាកចេញពីសហភាពអឺរ៉ុប ព្រមទាំងចែកផ្លូវផងដែរជាមួយអង្គការ NATO ដែលលោកស្រីចាត់ទុកថាជាអង្គការហួស សម័យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដីក្រិក Dimokratia លោកស្រី ម៉ារីន ឡឺប៉ែន បានលើកឡើងយ៉ាងដូច្នេះថា «Frexit» គឺជាកម្មវិធីនយោបាយមួយរបស់ខ្ញុំ ហើយបើខ្ញុំជាប់ឆ្នោតនៅឆ្នាំ២០១៧ ប្រជាជនបារាំងគួរតែមានឱកាសបោះឆ្នោតដើម្បីរំដោះខ្លួនពីភាពជាទាសករ និងការគំរាមកំហែងពីសំណាក់អ្នកនយោបាយ ព្រុចសែល (សហភាពអឺរ៉ុប) ក៏ដូចជាដើម្បីស្វែងរកដែនអធិបតេយ្យភាពប្រទេសរបស់យើងមកវិញ»។
ឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងអង្គការ NATO លោកស្រី ម៉ារីន ឡឺប៉ែន បានឆ្លើយដោយគ្មានការស្ទាក់ស្ទើរថា «អង្គការ NATO ត្រូវបានបង្កើតឡើងនៅចំពេលដែលកត្តិកសញ្ញាវ៉ាសូវី ទទួលរងការគំរាមកំហែង និងការពង្រីកឥទ្ធិពលនៃលិទ្ធិកុម្មុយនីស្ដរបស់អតីតសហភាពសូវៀត ក៏ប៉ុន្តែនៅពេលបច្ចុប្បន្នលែងមានហើយ សហភាពសូវៀត និងកត្តិកសញ្ញាវ៉ាសូវី ដូច្នេះបារាំងមិនចាំបាច់អី្វត្រូវបន្តនៅជាសមាជិកអង្គការ NATO ខណៈសហរដ្ឋអាមេរិកកំពុងរក្សាវត្តមានអង្គការ NATO នៅអឺរ៉ុបដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន»។
គួរបញ្ជាក់ថាលោកស្រី ម៉ារីន ឡឺប៉ែន ជាបេក្ខភាពម្នាក់ដែលនឹងត្រូវចូលរួមប្រកួតប្រជែងជាមួយ អតីតនាយករដ្ឋមន្ត្រីបារំាងលោក ហ្រ្វង់ស័រ ហ្វីយ៉ុង និងបេក្ខភាពមិនទាន់ជ្រើសរើសម្នាក់ទៀតមកពីគណបក្សសង្គមនិយមរបស់ប្រធានាធិបតីបារំាង លោក ហ្រ្វង់ស័រ ហូឡង់ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងនៅ ខែឧសភា ឆ្នាំ២០១៧៕