(មូស្គូ)៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរុស្ស៊ី លោក Maksim Sokolov បានឱ្យដឹងនៅថ្ងៃចន្ទនេះថា គ្រោះថ្នាក់ធា្លក់យន្ដហោះយោធារុស្ស៊ីធុន Tu-154 នៅឯទីក្រុងស៊ូឈី នៃតំបន់ សមុទ្រខ្មៅ ដែលសម្លាប់មនុស្ស ៩២នាក់ នៅថ្ងៃអាទិត្យម្សិលមិញមិនមែនជាទង្វើភេរវកម្មអ្វីនោះទេ ប៉ុន្តែវាអាចបណ្ដាលមកពីកត្តាកំហុសផ្នែកបច្ចេកទេស ឬក៏ដោយសារ កំហុសរបស់អាកាសយានិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦។
សូមជំរាបថា យន្ដហោះយោធារុស្ស៊ីធុន Tu-154 បានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅម៉ោងប្រមាណជា ០៥ ៖២៥នាទីទៀបភ្លឺ (ម៉ោងនៅក្នុងតំបន់) ក្រោយពេលហោះចេញពីទីក្រុងស៊ូឈី នៃភាគខាងត្បូងប្រទេសរុស្ស៊ីក្នុងដំណើរផ្លូវឆ្ពោះ ទៅកាន់ប្រទេសស៊ីរី ដើម្បីអបអរសារទរថ្ងៃបុណ្យណូអ៊ែល និងរៀបចំការប្រគំតន្ត្រី សម្រាប់កងទ័ពរុស្ស៊ី ដែលកំពុង ឈរជើងនៅក្នុងប្រទេសស៊ីរី។ ចំណែកឯមូលហេតុធ្លាក់ពិតប្រាកដកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ខណៈប្រធានាធិបតីរុស្ស៊ីបានប្រកាសកាន់ទុក្ខពេញមួយថ្ងៃនៅទូទាំងប្រទេស ដោយនៅក្នុងថ្ងៃចន្ទនេះ៕