(ភ្នំពេញ)៖ ប្រជាជនកម្ពុជាសរុប ១០៨នាក់ ភាគច្រើនជាអ្នករស់នៅតំបន់ជនបទ បានស្លាប់បាត់បង់ជីវិត យ៉ាងខ្លោចផ្សាបំផុតដោយសារតែគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុងឆ្នាំ២០១៦នេះ ដែលវាបានកើនឡើង ០.៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ដែលមានតែ ១០៧នាក់ប៉ុណ្ណោះ។ នេះបើតាមការដកស្រង់សម្តីពីលោក កែវ វី អ្នកនាំពាក្យគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦។
ក្រៅពីការសម្លាប់មនុស្សរាប់រយនាក់នោះ រន្ទះបាញ់ក៏បានបង្កឲ្យមនុស្ស ១០៥នាក់ទៀតផងដែរទទួលរងរបួស ហើយដែលចំនួននេះគឺបានកើនឡើង ៣៦ភាគរយ បើប្រៀបធៀបនឹងចំនួនសរុបកាលពីឆ្នាំ២០១៥ ដែលមានតែ ៧៧នាក់ប៉ុណ្ណោះបានទទួលរងរបួស។ លោក កែវ វី បានអះអាងថា គ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលបានកើត មានឡើងនៅមុនរដូវវស្សាឆ្នាំនេះ គឺជាកត្តាដែលបង្កឲ្យមានគ្រោះធម្មជាតិរន្ទះបាញ់ច្រើនករណីនៅទូទាំងប្រទេស។ ដោយឡែកព្យុះ និងខ្យល់កន្ត្រាក់ក៏បានឆក់យក ជីវិតមនុស្ស ២១នាក់ និង១៩៣នាក់ទៀតរងរបួសផងដែរ នៅទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦នេះ។
លោក កែវ វី បានប្រាប់សារព័ត៌មានស៊ិនហួរ យ៉ាងដូច្នេះថា «វាជារឿងធម្មតាទេ ដែលបញ្ហារន្ទះបាញ់តែងតែកើតមានឡើងជារៀងរាល់រដូវវស្សាក្នុងមួយឆ្នាំៗ ប៉ុន្តែសម្រាប់ឆ្នាំនេះយើងសង្កេតឃើញថាករណីរន្ទះបាញ់បានកើតមានឡើងច្រើនលើសពីធម្មតា ក៏ព្រោះតែគ្រោះរាំងស្ងួតដ៏អាក្រក់នៅអំឡុងខែឧសភា ដល់មិថុនា»។ ដើម្បីជៀសវាងបញ្ហានេះ មន្ត្រីរដ្ឋាភិបាលខាងលើ បានសំណូមពរយ៉ាងទទូចឲ្យប្រជាជនទាំងអស់ ព្យាយាមសម្ងំនៅក្នុងផ្ទះជានិច្ចនៅពេលមានភ្លៀងធ្លាក់ ខ្យល់បោកបក់រកភ្លៀង និងផ្គររន្ទះជាដើម៕