(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញាពិសេសនៃប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ បានចុះឆែកឆេរលំនៅឋានរបស់អតីតប្រធានខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីស្វែករកភស្តុតាងជុំវិញការជាប់ពាក់ព័ន្ធដោយខុសច្បាប់របស់លោកនៅក្នុងការគ្រប់គ្រងបុគ្គលិកនៃក្រសួងវប្បធម៌ ដែលប្រតិបត្តិការថ្មីនេះគឺស្ថិតនៅក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតទៅលើរឿងអាស្រូវ ដែលនាំឲ្យឈានទៅដល់ការទាមទារទម្លាក់លោកស្រី ផាក គឺនហេ ចេញពីអំណាចកាលពីដើមខែធ្នូនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦។
ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកូរ៉េខាងត្បូងផ្ទាល់ បានបង្ហាញឲ្យឃើញពីសកម្មភាពក្រុមអ្នកស៊ើបអង្កេតនៃក្រុមប្រឹក្សាឯករាជ្យបានសំរុកឆែកឆេរក្នុងផ្ទះរបស់លោក គីម គីជូន (Kim Ki-choon) ដែលបានកាន់តួនាទីជាអគ្គលេខាធិការរបស់លោកស្រីប្រធានាធិបតី ផាក គឺនហេ កាលពីចន្លោះឆ្នាំខែសីហា ឆ្នាំ២០១៣ ដល់ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីរឹបអូសយកឌីសផ្ទុកទិន្នន័យរបស់កុំព្យូទ័រ សៀវភៅកំណត់ហេតុ និងទូរស័ព្ទដៃ។
អ្នកនាំពាក្យរបស់ក្រុមអ្នកស៊ើបអង្កេតលោក ហុង ជុងស៊ុក (Hong Jung-seok) បានចេញមុខបញ្ជាក់សេចក្តីរាយការណ៍នេះតាមរយៈសារជាអក្សរមួយ ដោយនិយាយថាគេហដ្ឋានរបស់លោក គីម កំពុងស្ថិតនៅក្រោមការរឹបអូស និងឆែកឆេរប៉ុន្តែលោក ហុង មិនបានរៀបរាប់លម្អិតឲ្យបានវែងឆ្ងាយនោះឡើយ។
លោក គីម ត្រូវបានគេមើលឃើញថា ជាបុគ្គលដ៏សំខាន់មួយរូបក្នុងការលាតត្រដាងនូវរឿងអាស្រូវយ៉ាងស្មុគស្មាញពាក់ព័ន្ធជាមួយលោកស្រី ផាក គឺនហេ និងស្រ្តីឈ្មោះ ឆយ ស៊ូនស៉ីល ដែលជាមិត្តភក្តិដ៏ជិតស្និទ្ធបំផុតរបស់លោកស្រី ដោយសារតែលោក គីម គីជូន គឺជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្សដ៏ជំនិតរបស់លោកស្រីប្រធានាធិបតី ដែលត្រូវបានគេទម្លាក់ចេញពីអំណាច។
គួរបញ្ជាក់ថា ក្រុមរដ្ឋអាជ្ញាពិសេសបានចុះឆែកឆេរផ្ទះរបស់លោក គីម ដោយផ្អែកលើការសង្ស័យថាលោក បានបញ្ជាឲ្យអនុរដ្ឋមន្រ្តីវប្បធម៌កាលពីខែតុលា ឆ្នាំ២០១៤ ឲ្យបញ្ឈប់ការងារមន្រ្ត ជាន់ខ្ពស់របស់ក្រសួងវប្បធម៌ចំនួន០៦រូប និងរំលោភសិទ្ធិនៃការប្រើប្រាស់អំណាចរបស់លោក ហើយលោក គីម ក៏កំពុងត្រូវបានគេស៊ើបអង្កេតជុំវិញការពាក់ព័ន្ធដោយមិនស្របច្បាប់នៅក្នុងការគ្រប់គ្រងបុគ្គលិកនៃក្រសួងវប្បធម៌និងកីឡាផងដែរ៕