(មូស្គូ)៖ សារព័ត៌មានរុស្ស៊ី Russian Today នៅថ្ងៃចន្ទ ទី២៦ ខែធ្នូនេះ បានរំលឹកឡើងវិញក៏ដូចជាបង្ហោះរូបភាព ជាច្រើនស្ដីពីគ្រោះថ្នាក់ ធ្លាក់យន្ដហោះ ដែលបានកើតឡើងនៅក្នុងប្រទេសរុស្ស៊ី ឬក៏មានពលរដ្ឋរុស្ស៊ីជិះនៅលើយន្ដហោះទំាងនោះ នារយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ហើយដែលការបង្ហាញរូបភាពទាំងនេះ ធ្វើឡើងបន្ទាប់ពីយន្ដហោះយោធារុស្ស៊ីដឹកមនុស្ស ៩២នាក់បានធ្លាក់នៅឯ សមុទ្រខ្មៅនៅថ្ងៃអាទិត្យ ម្សិលមិញ។ ខាងក្រោមនេះគឺជាគ្រោះថ្នាក់ធ្លាក់យន្ដហោះនៅលើទឹកដីរុស្ស៊ី ឬមានវត្តមានពលរដ្ឋរុស្ស៊ី៖
ខែមីនា ឆ្នាំ២០១៦៖ យន្ដហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Fly Dubai ដឹកភ្ញៀវទេសចរមកពី ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម ឆ្ពោះទៅកាន់ទីក្រុង Rostov-on-Don បានធ្លាក់នៅអំឡុងពេលកំពុងព្យាយាមចុះចតដោយសម្លាប់មនុស្ស ៦២នាក់ រីឯមូលហេតុធ្លាក់ត្រូវបានគេបញ្ជាក់ថាដោយសារតែអាកាសធាតុអាក្រក់។
ខែតុលា ឆ្នាំ២០១៥៖ យន្ដហោះដឹកអ្នកដំណើរភាគច្រើនជាពលរដ្ឋរុស្ស៊ី នៃក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Metrojet មានគោលដៅហោះហើរ ពីប្រទេសអេហ្ស៊ីប ទៅកាន់ទីក្រុង St. Petersburg ត្រូវបានក្រុមភេរវករបំផ្ទុះឱ្យធ្លាក់នៅឯតំបន់ឧបទ្វីបស៊ីណៃ ដោយបានផ្ដាច់យកអាយុ ជីវិតមនុស្ស ២២៤នាក់។
ខែវិច្ឆិកា ឆ្នាំ២០១៣៖ មនុស្ស៥០នាក់បានស្លាប់ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះដឹកអ្នកដំណើរនៅឯទីក្រុង Kazan ប្រទេសរុស្ស៊ី ហើយមូលហេតុធ្លាក់គឺបង្កឡើងដោយកំហុសរបស់ពីឡុត។
ខែមេសា ឆ្នាំ២០១២៖ យន្ដហោះដឹកអ្នកដំណើរធុន UTair បានធ្លាក់ នៅអំឡុងពេល ៤២វិនាទី បន្ទាប់ពីហោះចេញពី ទីក្រុង Tyumen ដែលបណ្ដាលឱ្យមនុស្ស ៣៣នាក់ ស្លាប់ និង១០អ្នករងរបួស ខណៈមនុស្សពីរនាក់ត្រូវផ្តន្ទាទោសឱ្យ ជាប់ពន្ធនាគារសម្រាប់ការ ធ្វេសប្រហែស។
ខែកញ្ញា ឆ្នាំ២០១១៖ យន្ដហោះដឹកក្រុមកីឡាករ Hokey ឈ្មោះ Yaroslavl Lokomotiv បានធ្លាក់នៅក្បែរអាកាសយានដ្ឋាន Tunoshna Airport ក្នុងតំបន់ Yaroslavl ដោយផ្ដាច់យកជីវិតមនុស្ស ៤៥នាក់ និងមានតែអ្នកបចេ្ចកទេសផ្នែកហោះហើរតែម្នាក់គត់នៅរស់រានមានជីវិត ហើយមូលហេតុគឺបណ្ដាលមកពីកំហុសរបស់ពីឡុត។
ខែមិថុនា ឆ្នាំ២០១១៖ មនុស្ស ៤៧នាក់បានស្លាប់ និង០៥នាក់នៅរស់រានមានជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះរុស្ស៊ីធុន RusAir Tu-134 នៅឯទីក្រុង Petrozavodsk ដោយសារតែបញ្ហាអាកាសធាតុ។
ខែមេសា ឆ្នាំ២០១០៖ យន្ដហោះ Air Force ដឹកប្រតិភូររដ្ឋាភិបាលប៉ូឡូញក្រោមការដឹកនាំដោយអតីតប្រធានាធិបតីប៉ូឡូញ លោក Lech Kaczynski ក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី បានធ្លាក់នៅឯទីក្រុង Smolensk ដោយសម្លាប់មនុស្សជិះនៅលើយន្ដហោះនេះទាំង ៩៦នាក់ហើយបើតាមការស៊ើបអង្កេតរួមគ្នារវាងរដ្ឋាភិបាលរុស្ស៊ី និងប៉ូឡូញកំហុសពីឡុត គឺជាមូលហេតុដែលធ្វើឱ្យយន្ដហោះធ្លាក់៕