(វ៉ាទីកង់)៖ សម្តេច ប៉ាប ហ្រ្វង់ស័រ (Pope Francis) នៅថ្ងៃអាទិត្យបានថ្លែងសារមួយ ដែលមានន័យយ៉ាងជ្រាលជ្រៅនាឱកាសនៃបុណ្យគ្រិស្មាស់ ក្នុងន័យផ្តល់ជាក្តីសង្ឃឹមដល់ពិភពលោក ដែលកំពុងហែកហួរដោយសារសង្រ្គាម និងអំពើភេរវកម្មហើយសម្តេចក៏បានអំពាវនាវ ឲ្យមនុស្សគ្រប់រូបចងចាំជនអន្តោប្រវេសន៍ ជនភៀសខ្លួនក៏ដូចជាអ្នកទាំងឡាយ ដែលបានទទួលរងគ្រោះ ដោយអស្ថិរភាពសេដ្ឋកិច្ចដោយសារតែ «ការស្រឡាញ់លុយផ្កាប់មុខ»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងទៅកាន់មនុស្សប្រហែល ៤០,០០០នាក់ដែលជួបជុំគ្នានៅទីលានគោរពបូជាសេនភីតឺ (St. Peter's Square) នៃបុរីវ៉ាទីកង់ សម្តេច ប៉ាប ហ្រ្វង់ស័រ បាននិយាយដូច្នេះថា «សន្តិភាពទៅដល់អ្នកទាំងឡាយណាដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន ដោយសារតែសកម្មភាពដ៏សាហាវឃោរឃៅនៃអំពើភេរវកម្ម ដែលបានចាក់ដោតសេចក្តីភ័យខ្លាច និងសេចក្តីស្លាប់ទៅក្នុងបេះដូងនៃប្រទេសក៏ដូចជាទីក្រុងជាច្រើន ហើយថ្ងៃនេះសារនៃសន្តិភាពមួយនេះ នឹងឆ្ពោះទៅកាន់ជើងមេឃដើម្បីទៅដល់មនុស្សម្នាទាំងឡាយ ជាពិសេសអ្នកដែលរងគ្រោះព្រោះតែសង្រ្គាម និងជម្លោះដ៏រុំារ៉ៃដែលទំនងជាខ្លាំងក្លាជាងឆន្ទៈនៃការចង់បានសន្តិភាពទៅទៀត»។
បន្ថែមពីនេះសម្តេច ប៉ាប ហ្រ្វង់ស័រ ក៏បានអំពាវនាវក្នុងគោលបំណងស្វែងរកសន្តិភាព ជូនប្រទេសស៉ីរីផងដែរ ដោយសម្តេចបានទទូច ឲ្យមានជំនួយជាបន្ទាន់សម្រាប់ប្រជាជនរងគ្រោះ នៃទីក្រុងអាឡេប៉ូដែលកងកម្លាំងរដ្ឋាភិបាលស៉ីរី បានវាយដណ្តើមយកមកកាន់កាប់វិញ កាលពីសប្តាហ៍មុន នៅក្រោយរយៈពេលបួនឆ្នាំនៃការប្រយុទ្ធគ្នាជាមួយពួកឧទ្ទាមប្រឆាំងរដ្ឋាភិបាល ដែលបានបំផ្លិចបំផ្លាញទីក្រុដ៏អភ័ព្វមួយនេះ ខ្ទេចខ្ទីគ្មានសល់។
នៅក្នុងឱកាសនោះដែរ សម្តេច ប៉ាប ហ្រ្វង់ស័រ ក៏បានស្នើឲ្យប្រជាជនប៉ាឡេស្ទីន និងអ៉ីស្រាអែលដែលកំពុងតែប្រឈមមុខ ជាមួយភាពតានតឹងថ្មីស្រឡាងមួយទៀត បន្ទាប់ពីអង្គការសហប្រជាជាតិ បានសម្រចដាក់ចេញនូវដំណោះស្រាយថ្កោលទោស ចំពោះការតាំងទីលំនៅរបស់ជនជាតិអ៉ីស្រាអែល នៅលើដីដែលបានកាន់កាប់ ឲ្យមានភាពហានក្លាដើម្បីបំភ្លេចការស្អប់ខ្ពើម និងគំនុំរវាងគ្នាចោល ហើយងាកមកបើកទំព័រប្រវត្តិសាស្រ្តថ្មីរវាងប្រជាជាតិទាំងពីរវិញ។
គួរបញ្ជាក់ដែរថានារដូវកាលនៃបុណ្យគ្រឹស្តម៉ាសលើកទីបួន គិតចាប់តាំងពីបានក្លាយជាសម្តេច ប៉ាប កាលពីឆ្នាំ២០១៣មកសម្តេច ប៉ាប ហ្រ្វង់ស័រ ក៏បានផ្ញើសារឲ្យសន្តិភាព កើតមានចំពោះអ្នកដែលរងគ្រោះ ព្រោះតែមហិច្ឆតាសេដ្ឋកិច្ចរបស់មនុស្សមួយក្តាប់តូច ដែលជំរុញដោយភាពលោភលន់ និងការស្រឡាញ់ងប់ចំពោះលុយ ហើយសម្តេចបានអំពាវនាវឲ្យមានការបញ្ចប់ជម្លោះ នៅក្នុងប្រទេសនីហ្សេរីយ៉ា មីយ៉ាន់ម៉ា កូឡុំប៊ី និងនៅឧបទ្វីបកូរ៉េផងដែរ៕