(ទុយនីស)៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទុយនីស៊ី បានប្រកាសថាការគំរាមបំផ្ទុះគ្រាប់បែកនោះ គឺជារឿងដែលចង់បង្កការរំខានដល់ការហោះហើរតែប៉ុណ្ណោះ ហើយក្រោយការស៊ើបអង្កេត និងពិនិត្យយ៉ាងដិតដល់គឺគេមិនបានរកឃើញមានគ្រាប់បែកអ្វីនោះឡើយ ប៉ុន្តែជើងហោះហើរពីទីក្រុងទុយនីស សំដៅទៅទីក្រុងបាសេឡូណា នៃប្រទេសអេស្ប៉ាញត្រូវបានផ្អាកជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦។
គួរបញ្ជាក់ថា ក្រោយទទួលបានការគំរាមនោះ អ្នកដំណើរនៅលើយន្តហោះនៃអាកាសចរណ៍ជាតិទុយនីស៊ី នៅអាកាសយានដ្ឋាន Tunis-Carthage ត្រូវបានជម្លៀសចេញពីយន្តហោះយ៉ាងទាន់ហន់ ដើម្បីទុកឱកាសឲ្យក្រុមជំនាញស្វែងរកគ្រាប់បែក ប៉ុន្តែគេពុំបានរកឃើញអ្វីឡើយ។ ដោយឡែកស្ត្រីដ៏គួរឲ្យសង្ស័យមួយរូបក៏បានស្ថិតនៅក្នុងការស៊ើបអង្កេតផងដែរ ប៉ុន្តែក្រោយពីពុំបានរកឃើញអ្វីនោះ យន្តហោះខាងលើក៏បានធ្វើដំណើរជាធម្មតា ទៅកាន់ទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញតាមការគ្រោងទុកដោយសុវត្ថិភាព៕