(មូស្គូ)៖ ក្រុមគ្រួសារសាច់ញាតិ និងមនុស្សជាទីស្រឡាញ់នៃជនរងគ្រោះទាំង៩២នាក់ ដែលបានស្លាប់ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះយោធារុស្ស៊ី Tu-154 នៅទីក្រុងស៊ូឈី នៅថ្ងៃអាទិត្យម្សិលមិញបានបង្ហាញទុក្ខក្រៀមក្រំឥតឧបមា តាមរយៈការចែករំលែកនូវអនុស្សាវរីយ៍ និងការចងចាំរបស់ចុងក្រោយរបស់ពួកគេ នៅលើបណ្ដាញទំនាក់ទំនងសង្គម ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦។
យោងតាម Russian Today ស្ត្រីម្នាក់ឈ្មោះ Yuia Galkina បានបង្ហោះរូបភាពបុរសម្នាក់ស្ថិតនៅក្នុងចំណោមជនរងគ្រោះជិះនៅលើយន្ដហោះយោធាធុន Tu-154 នៅលើបណ្ដាញទំនាក់ទំនងសង្គម VKontakte យ៉ាងដូច្នេះថា «កូនប្រុសរបស់ខ្ញុំ... ប្ដីជាទីស្រឡាញ់របស់ខ្ញុំ... នៅក្នុងជីវិតរបស់ខ្ញុំ បងគឺសំខាន់បំផុតនៅលើផែនដីនេះ ហើយខ្ញុំតែងតែនិយាយពាក្យនេះទៅកាន់បង... សូមបងស្ថិតនៅក្នុងសន្តិភាព»។
ដោយឡែកស្រ្តីម្នាក់ទៀតមានស្វាមីជាសមាជិកម្នាក់ នៃក្រុមតន្រ្តីយោធារុស្ស៊ី ស្ថិតនៅក្នុងចំណោមជនរងគ្រោះខាងលើដែរនោះ បានបង្ហោះសារឆ្លើយឆ្លងជាមួយស្វាមី មុននឹងយន្ដហោះធ្លាក់ដោយមានខ្លឹមសារថា «ឡើងទៅលើគ្រែដេកទៅ! ប្រពន្ធសំឡាញ់ បងមិនដឹងនោះទេថាការធ្វើដំណើរនេះនឹងត្រូវចំណាយពេលប៉ុន្មានម៉ោង ប៉ុន្តែបើត្រូវឆ្លងកាត់ទីក្រុងស៊ូឈី វាអាចស៊ីពេលពី ៥ ទៅ ៦ម៉ោង... បងស្រឡាញ់អូន!»។
គួរបញ្ជាក់ថាយន្ដហោះយោធារុស្ស៊ីធុន Tu-154 បានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅម៉ោងប្រមាណជា ០៥៖២៥នាទីទៀបភ្លឺ (ម៉ោងនៅក្នុងតំបន់) ក្រោយពេលហោះចេញពីទីក្រុងស៊ូឈី នៃភាគខាងត្បូងប្រទេសរុស្ស៊ី ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ប្រទេសស៊ីរី ដើម្បីអបអរសារទរ និងរៀបចំការប្រគំតន្ត្រីសម្រាប់កងទ័ពរុស្ស៊ី ដែលកំពុងឈរជើងនៅក្នុងប្រទេសស៊ីរី។ ចំណែកឯមូលហេតុធ្លាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ខណៈប្រធានាធិបតីរុស្ស៊ីប្រកាសកាន់ទុកពេញមួយថ្ងៃ នៅទូទាំងប្រទេស ដោយចាប់ផ្ដើមនៅថ្ងៃចន្ទនេះ៕