(មូស្គូ)៖ អាជ្ញាធររុស្ស៊ី បានឱ្យដឹងថា មនុស្ស៩២នាក់ រួមមានទាំងក្រុមតន្ត្រីយោធា ជិះនៅលើយន្ដហោះយោធារុស្ស៊ីមួយគ្រឿង ក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសស៊ីរី ដែលបានធ្លាក់នៅឯសមុទ្រខ្មៅនៅថ្ងៃអាទិត្យនេះ គ្មាននរណាម្នាក់នៅមានជិវិតរស់នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០១៦។
ជាមួយគ្នានោះដែរ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី យន្ដហោះយោធារុស្ស៊ីធុន TU-154 Tupolev បានបាត់ ចេញពីប្រព័ន្ធរ៉ាដា នៅម៉ោងប្រមាណជា ០៥ ៖២៥ នាទីទៀបភ្លឺ (ម៉ោងនៅក្នុងតំបន់) ពីរនាទីក្រោយពេលហោះចេញ ពីទីក្រុងស៊ូឈី នៃភាគខាងត្បូងប្រទេសរុស្ស៊ី ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ប្រទេសស៊ីរី។
អ្នកនាំពាក្យក្រសួងការពារជាតិ រុស្ស៊ី លោក Igor Konashenkov បានឱ្យដឹងដូច្នេះថា «តំបន់យន្ដហោះធ្លាក់ត្រូវកំណត់ទីតាំងបានហើយ ប៉ុន្តែអ្នក ដំណើរទាំងអស់នៅលើយន្ដហោះគ្មាននរណាម្នាក់ នៅរស់រាន្តមានជីវិតនោះទេ»។ ប៉ុន្តែយ៉ាងណា អ្នកនាំពាក្យរូបនេះ មិនទាន់បញ្ជាក់ឱ្យច្បាស់ឡើយទេ ពីមូលហេតុធ្លាក់។
សូមជំរាបថា យន្ដហោះយោធារុស្ស៊ីធុន TU-154 Tupolev មានគោលដៅហោះហើរទៅកាន់ប្រទេសស៊ីរី ដើម្បី អបអរសាទរ និងប្រារព្ធពិធីបុណ្យណូអ៊ែល សម្រាប់កងទ័ពរុស្ស៊ី ដែលកំពុងឈរជើងនៅស៊ីរី៕