(ពិភពលោក)៖ ថ្ងៃឆ្លងឆ្នាំសកលពីឆ្នាំ២០១៦ ទៅឆ្នាំ២០១៧ នឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខ។ ប្រសិនបើលោកអ្នក និយមដំណើរកំសាន្តក្រៅប្រទេស តែមិនទាន់បានសម្រេចចិត្តថាតើត្រូវទៅកំសាន្តនៅទីណានោះ ខាងក្រោមនេះជាជម្រើសទីក្រុងទាំង១០ទូទាំងពិភពលោក ដែលសាកសមបំផុតសម្រាប់អ្នក៖
១៖ ទីក្រុង ប៉ារីស ប្រទេស បារាំង
គ្មានអ្វីដែលអាចឱ្យអ្នកទទួលបានភាពរ៉ូម៉ែនទិកជាងការទស្សនាពន្លឺភ្លើងនាពេលរាត្រី និងកាំជ្រួចនៅក្បែរប៉ម Eiffel ក្នុងទីក្រុងប៉ារីសនោះឡើយ។ ប្រសិនបើលោកអ្នកចូលចិត្តភាពស្ងប់ស្ងាត់នោះ ក្នុងឱកាសឆ្លងឆ្នាំសកលនេះ អ្នកអាចរីករាយជាមួយនឹងការជិះទូកកំសាន្តតាមបណ្តោយទន្លេ Seine។ មិនដឹងថា តើអ្នកយល់បែបណានោះទេ នៅពេលដែលបានចូលរួមប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកលនៅទីនោះ ដោយអ្នកនឹងបានជក់ចិត្តជាមួយនឹងទិដ្ឋភាពតាមដងផ្លូវក្នុងទីក្រុង ដែលពេញដោយមនុស្សរាប់ពាន់នាក់ដែលអបអរសាទរពិធីបុណ្យនេះជាមួយនឹងការញ៉ាំស្រា និងការរាំកំសាន្តជាដើម។ មនុស្សក៏អាចទិញកាំជ្រួចសម្រាប់ដុតកំសាន្តដោយខ្លួនឯងផងដែរ ដែលផ្តល់ឱ្យរាត្រីមួយនេះ កាន់តែមានពន្លឺចម្រុះពណ៌ និងអ៊ូអរ។
២៖ ទីក្រុង វ៉ាលផារ៉ាយសូ ប្រទេស ឈីលី
វាជារដ្ឋធានីវប្បធម៌របស់ប្រទេស ឈីលី ស្ថិតនៅតាមបណ្តោយជ្រលងភ្នំនៃមហាសមុទ្រប៉ាស៊ីហ្វីក ជាទីក្រុង មួយដែលមានភាពហ៊ឺហារបំផុតសម្រាប់កម្មវីធីឆ្លងឆ្នាំសកល។ ទីក្រុងនេះ រៀបចំកម្មវិធីឆ្លងឆ្នាំរយៈពេលបីថ្ងៃ ជាមួយនឹងអ្នកមកកំសាន្តរាប់លាននាក់ដើម្បីទស្សនាការបាញ់កាំជ្រួចដ៏ល្បីល្បាញ ដែលជាកម្មវិធីបាញ់កាំជ្រួចធំជាងគេនៅអាមេរិកឡាទីន។ ទំនៀមទម្លាប់ដ៏ចម្លែកមួយនៅទីនោះ ដើម្បីទទួលបានសំណាងល្អសម្រាប់ឆ្នាំថ្មី ប្រជាពលរដ្ឋក្នុងតំបន់និយមស្លៀកឈុតក្នុងពណ៌លឿង ញ៉ាំទំពាំងបាយជូជាង១០គ្រាប់នៅពាក់កណ្តាលអាធ្រាត និងដាក់ក្រដាសប្រាក់១០០០ពេសូ នៅក្នុងស្បែកជើងរបស់ពួកគេ។
៣៖ ទីក្រុង អ៊ែឌីនបឺក ប្រទេស ស្កត់ឡែន
នៅទីនេះ ការអបអរសាទរពិធីបុណ្យឆ្លងឆ្នាំរយៈពេល៤ថ្ងៃ ក្នុងនោះរួមទាំងការដើរក្បួនព្យុះហយាត្រាទូទាំងទីក្រុង ការប្រគុំតន្រ្តី និងពិធីជប់លៀងនៅតាមដងផ្លូវ។ ទីក្រុងនេះជាកន្លែងបាញ់កាំជ្រួចដ៏អស្ចារ្យបំផុតនៅទូទាំងពិភពលោក ដែលត្រូវបានប្រព្រឹត្តទៅនៅពាក់កណ្តាលរាត្រី ខណៈដែលពិធីជប់លាងបន្តរហូតដល់បន្ទាប់ពីព្រះអាទិត្យរះឡើង។ នៅថ្ងៃទី០១ ខែមករា កម្មវិធីកំសាន្តនៅមានបន្តទៀតដូចជា ការរត់ប្រណាំង ការប្រណាំងមុជទឹកកកក្នុងទន្លេ Forth ប្រណាំងឆ្កែជិះស្គីលើទឹកកកជាដើម។
៤៖ ទីក្រុង ឡុនដ៍ ប្រទេស អង់គ្លេស
ការអបអរសាទរថ្ងៃឆ្លងឆ្នាំសកលនៅក្នុងទីក្រុងឡុងដ៍ មានច្រើនរូបភាពដូចជា ការបាញ់កាំជ្រួចយ៉ាងស្រស់ស្អាតជាមួយនឹងសម្លេងកន្តឹងនៃនាឡិកាយក្ស Big Ben ដែលមានអ្នកមកកំសាន្តប្រមាណ២៥០ពាន់នាក់ រួមជាមួយនឹងការរៀបចំពិធីជប់លៀងផ្សេង។ ពិធីដ៏អធិកអធមនេះក៏ត្រូវបានចូលរួមផងដែរ ពីសំណាក់អ្នកសំដែងជាច្រើននាក់ដែលមានពីក្រុមផ្សេងៗ។ កម្មវិធីឆ្លងឆ្នាំសកលភាគច្រើនត្រូវបានប្រារព្ធឡើងពេញមួយរាត្រី ហើយបន្តរហូតដល់ថ្ងៃទី០១ ខែមករា នៃឆ្នាំថ្មី ដែលនឹងមាននូវកម្មវិធីពិសេសៗផ្សេងដូចជា ក្បួនព្យុះហយាត្រា ការបណ្តែតទូកចម្រុះពណ៌ និងអ្នករាំរបាំស្លៀកសម្លៀកបំពាក់ប្រពៃណី រួមជាមួយការដង្ហែសេះរបស់ព្រះមហាក្សត្រីរបស់ចក្រភពអង់គ្លេសជាដើម។
៥៖ ទីក្រុង ស៊ីដនី ប្រទេស អូស្រ្តាលី
ស៊ីដនីជារដ្ឋធានីមួយក្នុងចំណោមទីក្រុងផ្សេងៗទៀតនៅលើពិភពលោក ដែលអស្ចារ្យបំផុតសម្រាប់ឱកាសអបអរសាទរឆ្នាំសកល។ ហេតុនេះវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលអ្នកអាចអបអរសាទរពិធីឆ្លងឆ្នាំនៅទីនោះ ជាមួយនឹងជម្រើសជាច្រើនបែបច្រើនយ៉ាង។ នៅទីនោះលោកអ្នក អាចជិះទូកដើម្បីទស្សនាកាំជ្រួច នៅពាក់កណ្តាលអាធ្រាត។ បើមិនដូចច្នេះទេ លោកអ្នកក៏អាចកក់ភោជនីយដ្ឋាននៅក្បែរស្ពាន Harbour ដើម្បីអាចទស្សនាពន្លឺកាំជ្រួចដ៏អស្ចារ្យ។ មិនតែប៉ុណ្ណោះលោកអ្នកក៏អាចទស្សនាកម្មវិធីសំដែងរបស់ពួកជនជាតិភាគតិច ឬក្បួនទូកជាមួយនឹងពន្លឺចម្រុះពណ៌។ នៅតាមឆ្នេរ Bondi ក៏មានកម្មវិធីរាំកំសាន្តទ្រង់ទ្រាយធំផងដែរ។
៦៖ ទីក្រុង ញ៉ូវយក សហរដ្ឋអាមេរិក
នៅវេលាម៉ោង១១៖៥៩នាទី ថ្ងៃទី៣១ ខែធ្នូ មនុស្សជាងមួយលាននាក់ បានធ្វើដំណើរមកដល់ទីនេះដើម្បីចូលរួមក្នុងពិធីជប់លៀងដ៏ល្បីល្បាញលំដាប់ពិភពលោក ជាមួយនឹងការប្រគុំតន្ត្រី និងការសរសេរបំណងប្រាថ្នារបស់អ្នកសម្រាប់ឆ្នាំថ្មីនៅលើជញ្ជាំង Wishing Wall ជាដើម។
៧៖ ទីក្រុង ម៉េលបន ប្រទេស អូស្រ្តាលី
ទីក្រុងមួយនេះ បានទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណកន្លះលាននាក់នៅក្នុងឱកាសឆ្លងឆ្នាំសកល។ នៅទីនេះមានការបាញ់កាំជ្រួចពីរកន្លែង។ នៅពាក់កណ្តាលរាត្រី ការតាំងបង្អួតពន្លឺ បានធ្វើឡើងពេញទីក្រុង ជាមួយភាពចម្រុះពណ៌។ នៅតាមឆាកប្រគុំដន្ត្រីនីមួយៗ មានការសម្តែងដោយក្រុមជនជាតិភាគតិច តន្រ្តី Folk និងការរាំរបាំសាមបារបស់ប្រទេស ប្រេហ្ស៊ីលជាដើមនៅតាមដងផ្លូវ និងតាមបណ្តោយមាត់ទឹក។ អ្នកទៅកំសាន្តនៅទីនោះ ក៏អាចរីករាយជាមួយជាមួយក្បួនដង្ហែ និងការលេងកីឡាជាដើម។
៨៖ ទីក្រុងញ៉ូវអរលៀន រដ្ឋល្វីសាណា សហរដ្ឋអាមេរិក
ទីក្រុងមួយនេះទទួលបានភាពល្បីល្បាញដោយជាកន្លែងសម្រាប់ រៀបចំពិធីជប់លៀងកំសាន្តសប្បាយដ៏អស្ចារ្យ វាក៏ជាកន្លែងទស្សនាការបាញ់កាំជ្រួចដ៏ស្រស់ស្អាត ជាមួយនឹងពន្លឺចម្រុះពណ៌ដែលចាំងជះលើផ្ទៃទឹកទន្លេ មីស៊ីស៊ីភី។ អ្វីដែលផ្តល់ភាពរីករាយបំផុតនោះគឺ ការរៀបចំពិធីជប់លៀងនឹងបន្តរហូតដល់ពេលព្រឹកព្រលឹម ជាមួយនឹងការប្រគុំតន្រ្តីនៅតាមបារ និងក្លឹបរាត្រីជាដើម។
៩៖ ទីក្រុង បាងកក ប្រទេសថៃ
ទីក្រុង បាងកក ជាទីក្រុងដ៏អស្ចារ្យមួយ ដែលមានល្បីល្បាញជាកន្លែងសម្រាប់រៀបចំកម្មវិធីជប់លៀង ហើយក៏ជាកន្លែងដ៏ប្រសើរជាងបំផុតនៅអាស៊ីសម្រាប់ព្រឹត្តិការណ៍ឆ្លងឆ្នាំសកល។ នៅថ្ងៃទី៣១ ខែធ្នូ គ្រប់បារ និងក្លឹបរាត្រីក្នុងទីក្រុងបាងកកពេញដោយភ្ញៀវកំសាន្ត ជាពិសេសគឺនៅ Central World ដែលមានមនុស្សរាប់រយពាន់នាក់ប្រមូលផ្តុំគ្នាដើម្បីទស្សនាការប្រគុំតន្រ្តីជាដើម។ មិនតែប៉ុណ្ណោះនៅតាមភោជនីយ៍ដ្ឋាននានា ក៏មានការផ្តល់សេវាកម្មបម្រើអាហារពេលល្ងាចនៅលើដំបូល និងការញ៉ាំស្រា ដែលផ្តល់ភាពអស្ចារ្យបំផុតសម្រាប់អ្នកចង់ទស្សនាការបាញ់កាំជ្រួច ខណៈដែលភោជនីយដ្ឋាន បៀហ្គាដិនផ្សេងទៀតក៏ត្រូវបើកបម្រើភ្ញៀវនៅតាមដងផ្លូវផងដែរ។
១០៖ ទីក្រុង បាសេឡូណា ប្រទេស អេស្ប៉ាញ
ជារដ្ឋធានីប្រទេស អេស្ប៉ាញ ជាកន្លែងកំសាន្តដ៏ទាក់ទាញបំផុតសម្រាប់ថ្ងៃចុងក្រោយនៃឆ្នាំនីមួយៗ។ ក្នុងរយៈពេលប៉ុន្មានម៉ោងមុនឈានដល់ការឆ្លងឆ្នាំ ពិធីជប់លាងត្រូវបានរៀបចំឡើងនៅតាមទីកន្លែងសំខាន់ៗ ដោយមានមនុស្សចូលរួមកកកុញដើម្បីច្រៀងកំសាន្ត ញ៉ាំស្រា និងរាប់លេខថយក្រោយជាដើម។ នៅតាមភោជនីយ៍ដ្ឋាន បារ និងក្លឹបរាត្រី មានរៀបចំកម្មវិធីពិសេសៗដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំ ខណៈដែលភ្លើងកាំជ្រួចត្រូវបានបាញ់បំភ្លឺឡើងនៅពេញផ្ទៃមេឃនៅតាមបណ្តោយឆ្នេរសមុទ្រ៕