(បារាំង)៖ កាសែតល្បីមួយរបស់បារាំង ដែលតែងតែតាមដានជាប់ជានិច្ចនូវព្រឹត្តិការណ៍វិវឌ្ឍន៍នានានៅលីប៊ី មានឈ្មោះ Le figaro បានចេញផ្សាយនៅមុននេះបន្តិចថា យន្តហោះលីប៊ីដែលត្រូវបានចោរប្លន់នោះ ទំនងជាត្រូវបានប្រព្រឹត្តដោយក្រុមចោរ ដែលជាអ្នកស្មោះស្ម័គ្រនឹងអតីតមេដឹកនាំលីប៊ីលោក មួអាម៉ា ហ្គាដាហ្វី (Muama Gaddafi) ហើយយន្តហោះនោះមានគោលដៅពីទីក្រុង Sebha ទៅកាន់ទីក្រុងទ្រីប៉ូលី ជាជើងហោះហើរក្នុងស្រុក។ នេះបើតាមសារព័ត៌មានខាងលើ ចេញផ្សាយនៅមុននេះបន្តិចនាយប់ថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០១៦។
មន្ត្រីរដ្ឋាភិបាលនៃប្រទេសដីកោះម៉ាល់តា ដែលជាទីយន្តហោះត្រូវបានចោរប្លន់ទៅធ្វើការចុះចតនៅទីនោះ បានប្រាប់សារព័ត៌មានខាងលើឱ្យដឹងទៀតថា ចោរទំនងជាបានយកអ្នកដំណើរនិងសហសេវិកទាំងអស់ ធ្វើជាចំណាប់ខ្មាំង ហើយបានដាក់លក្ខខណ្ឌថា ប្រសិនបើព្រមធ្វើតាមអ្វីដែលពួកគេចង់បាន នោះចោរនឹងធ្វើការដោះលែងអ្នកដំណើរនៅលើយន្តហោះទាំងអស់នោះវិញ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថាពួកគេចង់បានអ្វីឱ្យប្រាកដឡើយ៕