(ជប៉ុន)៖ ព្រះចៅអធិរាជ Akihito ជាព្រះរាជាទី១២៥ របស់ប្រទេសជប៉ុន ដែលសោយរាជ្យសម្បត្តិបន្តពីព្រះបិតារបស់ទ្រង់ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ១៩៨៩។ 

* តួនាទី៖ ព្រះចៅអធិរាជជប៉ុន
* សោយរាជ្យសម្បត្តិ៖ ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៨៩ ដល់បច្ចុប្បន្ន
* រាជាភិសេកជាផ្លូវការ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩០
* រជ្ជទាយាទបន្តពីទ្រង់៖ អង្គម្ចាស់ Narohito
* ថ្ងៃប្រសូត៖ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៣៣ (វ័យ៨៣ព្រះវស្សា)
* កន្លែងប្រសូត៖ ទីក្រុងតូក្យូ ប្រទេស ជប៉ុន
* មហេសី៖ ម្ចាស់ក្សត្រី Michiko Shoda (រៀបអភិសេកឆ្នាំ១៩៥៩)
* បិតា៖ ព្រះចៅអធិរាជ Showa
* មាតា៖ ព្រះនាង Kojun
* សាសនា៖ ស៊ីនតូ

* ជីវប្រវត្តិព្រះចៅអធិរាជ៖

ព្រះចៅអធិរាជ Akihito កើតនៅក្នុងព្រះរាជវាំងក្នុងទីក្រុង តូក្យូ ប្រទេសជប៉ុន និងជាបុត្រទីប្រាំរបស់ព្រះចៅអធិរាជ Showa និងព្រះនាង Kojun។ ទ្រង់បានធំធាត់ និងទទួលការអប់រំពីគ្រូឯកជនផ្តាច់មុខរបស់ទ្រង់។ ក្រោយមកទ្រង់បានចូលសិក្សានៅសាលាបឋម និងមធ្យមសិក្សា Peers’School ពីឆ្នាំ១៩៤០ ដល់ឆ្នាំ១៩៥២។ ខុសពីអ្នកផ្សេងៗទៀតក្នុងនាមជាអ្នកកើតក្នុងត្រកូលក្សត្រ ទ្រង់ត្រូវបានរួចផុតពីភារកិច្ចយោធា ក្រោមសំណើរបិតារបស់ទ្រង់ ព្រះចៅអធិរាជ Hirohito ឬ Showa។

ក្នុងអំឡុងនៃការទម្លាក់គ្រាប់បែកពីសំណាក់សហរដ្ឋអាមេរិកក្នុងខែមីនា ឆ្នាំ១៩៤៥ ព្រះអង្គម្ចាស់ Akihito និងអនុជរបស់ទ្រង់ ព្រះអង្គម្ចាស់ Masahito ត្រូវបានជម្លៀសចេញពីទីក្រុង។ ហើយក្នុងអំឡុងនៃការឈ្លានពានពីសហរដ្ឋអាមេរិកក្នុងប្រទេសជប៉ុន បន្ទាប់ពីសង្គ្រាមលោកលើកទីពីរទ្រង់ត្រូវបានបង្រៀន ជាភាសាអង់គ្លេស និងឥរិយាបទតាមបែបលោកខាងលិច ដោយលោកស្រីសាស្ត្រាចារ្យ Elizabeth Gray Vining។ ទ្រង់បានសិក្សារយៈពេលខ្លី លើឯកទេស វិទ្យាសាស្ត្រនយោបាយ នៅសកលវិទ្យាល័យ Gakushuin ក្នុងទីក្រុង តូក្យូ។

យ៉ាងនេះក្តី ទ្រង់មិនធ្លាប់បញ្ចប់ការសិក្សាលើឯកទេសនេះពេញលេញឡើយ។ ទ្រង់ទទួលបានងារជារជ្ជទាយាទ ដើម្បីរង់ចាំស្នងរាជ្យបន្តពីបិតាភ្លាមៗ បន្ទាប់ពីការចាប់ កំណើតដោយសារទ្រង់មានព្រះរាមសុទ្ធតែជាស្ត្រី។ កម្មវិធីតែងតាំងទ្រង់ជារជ្ជទាយាទ ត្រូវបានរៀបចំឡើងក្នុងព្រះរាជវាំងតូក្យូ ក្នុងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៥២។

ក្នុងខែមិថុនា ឆ្នាំ១៩៥៣ ទ្រង់ បានក្លាយជាដំណាងរបស់ប្រទេសជប៉ុន ចូលរួមកម្មវិធី សោយរាជ្យសម្បត្តិម្ចាស់ក្សត្រីElizabeth ទី២ ក្នុងទីក្រុង ឡុនដ៍។
ក្នុងនាមទ្រង់ជារជ្ជទាយាទនៅឡើយ ព្រះអង្គម្ចាស់ Akihito និងព្រះអង្គម្ចាស់ Michiko ធ្លាប់បំពេញដំណើរទស្សនកិច្ចក្នុង៣៧ប្រទេស។ នៅពេលទ្រង់ក្លាយជា ព្រះចៅអធិរាជជប៉ុន ទ្រង់បានប្រៀបធៀបតួនាទីរបស់ព្រះរាជាជប៉ុន ទៅនឹងមនុស្សយន្ត ហើយទ្រង់បានបង្ហាញក្តីសង្ឃឹមថា ពេលមួយទ្រង់អាចជួយកែប្រែ ឱ្យរាជវង្សស្តេចអាចមានទំនាក់ទំនងជិតស្និតជាមួយប្រជាពលរដ្ឋជប៉ុន។

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០០១ ក្នុងកិច្ចជំនួបប្រចាំឆ្នាំក្នុងឱកាសបុណ្យចម្រើព្រះជន្មរបស់ទ្រង់ ព្រះចៅអធិរាជអង្គនេះបានឆ្លើយតបនឹងសំនួររបស់អ្នកសារព័ត៌មាន ស្តីអំពីភាពតានតឹងជាមួយប្រទេសកូរ៉េ ដោយបញ្ជាក់ថា ទ្រង់មានព្រះទ័យស្និទស្នាលជាមួយប្រជាពលរដ្ឋកូរ៉េ ព្រមទាំងបានបង្ហើបផងដែរថា អតីតម្ចាស់ក្សត្រី របស់ជប៉ុនមួយអង្គក៏ជាប់ខ្សែស្រឡាយជាស្តេចរបស់ប្រទេសកូរ៉េផងដែរ ដែលវាជាការពិតមួយ តែត្រូវបានគេហាមឃាត់មិនឱ្យបើកចំហរឡើយ។

ទ្រង់ធ្លាប់ទទួលការវះកាត់ ដោយសារជំងឺមហារីកក្រពេញប្រូស្តាត ក្នុងថ្ងៃទី១៤ ខែមករា ឆ្នាំ២០០៣។ ក្រោយមកនៅឆ្នាំ២០១១ ទ្រង់បានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យដោយសារជំងឺរលាកទងសួត។ នៅខែកុម្ភៈ ឆ្នំា២០១២ សារព័ត៌មានបានឲ្យដឹងថា ទ្រង់ត្រូវការត្រួតពិនិត្យបេះដូង ហើយទទួលបានជោគជ័យ ក្នុងការវះកាត់បេះដូង នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១២។

* ការរៀបអភិសេក៖
នៅខែសីហា ឆ្នាំ១៩៥៧ ទ្រង់បានជួបជាមួយ នាង Michiko Shoda នៅទីលានវាយតេនីសនៅក្នុងទីក្រុង Karuizawa។ ពីរឆ្នាំក្រោយមកកម្មវិធីភ្ជាក់ពាក្យ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៥៩ ចំណែកការរៀបអភិសេក ត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៥៩។ ពាក់ព័ន្ធនឹងទំនាក់ទំនងនេះ សារព័ត៌មានជប៉ុន បានសសេរអំពីរឿងរ៉ាវស្នេហារបស់ទ្រង់ថា «ទីលានវាយតេនីសដ៏រ៉ូមែនទិក»។ វាជាលើកទីមួយហើយដែលមនុស្សសាមញ្ញម្នាក់ត្រូវបាន រៀបអភិសេកជាមួយពូជពង្សក្សត្រ។ ព្រះចៅអធិរាជ និងមហេសីមានបុត្របីអង្គគឺ ព្រះអង្គម្ចាស់ Naruhito ព្រះអង្គម្ចាស់ Fumihito និងបុត្រី Sayako Kuroda។

* តួនាទី
បើទោះបីជាត្រូវបានហាមឃាត់យ៉ាងតឹងរឹងពីសំណាក់រដ្ឋធម្មនុញ្ញជប៉ុនក្តី ព្រះចៅអធិរាជ Akihito ធ្លាប់បានធ្វើសេចក្តីថ្លែងការណ៍យ៉ាងទូលំទូលាយអំពីវិប្បដិសារី របស់ទ្រង់ចំពោះបណ្តាប្រទេសនៅអាស៊ី ដែលរងភាពឈឺចាប់ដោយសារការឈ្លានពានពីសំណាក់ប្រទេសជប៉ុន ដោយផ្តើមដំបូងបំផុត គឺភាពសោកស្តាយ ចំពោះប្រទេសចិន។

នៅខែមិថុនា ឆ្នាំ២០០៥ ទ្រង់បានធ្វើទស្សនកិច្ចនៅលើកោះ Saipan (ដែនដីសហរដ្ឋអាមេរិក) ដែលជាទីតាំងប្រយុទ្ធគ្នាក្នុងសម័យសង្គ្រាមលោកលើកទីពីរ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ១៩៤៤។ ទ្រង់មិនត្រឹមតែបានដាក់កម្រងផ្កា និងឧទ្ទិសដល់ប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះទេ តែទ្រង់ក៏បានឧទ្ទិសដល់ យោធាសហរដ្ឋអាមេរិក ពលករកូរ៉េ និងប្រជាពលរដ្ឋលើកោះផងដែរ។ នេះជាដំណើរទស្សនកិច្ចលើកទីមួយ របស់ព្រះរាជាជប៉ុន ទៅកាន់សមរភូមិសង្គ្រាមលោក លើកទីពីរ នៅក្រៅប្រទេស។ ដំណើរទស្សនកិច្ចនេះ ទទួលបានការកោតសរសើរជាខ្លាំងពីប្រជាពលរដ្ឋជប៉ុន ស្របពេលដែលទ្រង់ធ្វើទស្សនកិច្ច នៅទីតាំងសមរភូមិសង្គ្រាមក្នុងទីក្រុងតូក្យូ ហ៊ីរ៉ូស៊ីម៉ា ណាកាស្សាគី និងអូគីណាវ៉ា ក្នុងឆ្នាំ១៩៩៥។

ដោយឡែកឆ្លើយតបនឹងគ្រោះរញ្ជួយដី និងរលកយក្សសូណាមីកាលពីឆ្នាំ២០១១កន្លងទៅនេះ និងវិបត្តិរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ទ្រង់បាន បង្ហាញព្រះភក្ត្រតាមកញ្ចក់ទូរទស្សន៍ ដោយអំពាវនាវដល់ប្រជាពលរដ្ឋរបស់ទ្រង់កុំបាត់បង់ក្តីសង្ឃឹម និងត្រូវចេះជួយគ្នាទៅវិញទៅមក។ ទ្រង់ក៏បានធ្វើទស្សនកិច្ច នៅតាមជម្រកស្នាក់នៅបណ្តោះអាសន្នរបស់ជនភៀសខ្លួនផងដែរ ដើម្បីជម្រុញលើកទឹកចិត្តពួកគេ។ វាជារឿងដ៏កម្របំផុតក្នុងខ្សែស្រឡាយរបស់ទ្រង់ ដែលព្រះរាជាក្នុងការបង្កភាពស្និទស្នាលជាមួយប្រជានុរាស្ត្របែបនេះ។

* ព្រះតំរិះពីការដាក់រាជ្យ៖
នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ សារព័ត៌មានជាតិជប៉ុន NHK បានធ្វើសេចក្តីរាយការណ៍ថា ព្រះចៅអធិរាជ្យអង្គនេះមានបំណងចង់ដាក់រាជ្យសម្បត្តិ ទៅបុត្រច្បង របស់ទ្រង់ គឺព្រះអង្គម្ចាស់ Naruhito ក្នុងរយៈពេលពីរបីឆ្នាំខាងមុខ ហេតុផលដោយសារភាពចំណាស់ និងស្ថានភាពសុខភាពរបស់ទ្រង់។

គួរបញ្ជាក់ថា ការដាក់រាជ្យសម្បត្តិមិនធ្លាប់កើតមានក្នុងប្រទេស ជប៉ុនចាប់តាំងពីឆ្នាំ១៨១៧មកម្ល៉េះ។ មន្ត្រីជាន់ខ្ពស់ជប៉ុន បានបដិសេធលើព័ត៌មានខាងលើនេះ។ ប៉ុន្តែនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ព្រះចៅអធិរាជអង្គនេះបានបង្ហាញវត្ថមានដ៏កម្រលើកញ្ចក់ទូរទស្សន៍ ដោយបានសង្កត់ធ្ងន់ពីវ័យចំណាស់ និងបញ្ហាសុខភាព
របស់ទ្រង់ដែលវាអាចជាការបង្ហាញពីបំណងរបស់ទ្រង់ក្នុងការដាក់រាជ្យសម្បត្តិ៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា