(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះ បានតែងតាំងអតីតប្រធានគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោត របស់លោកគឺលោកស្រី ឃែលឡៀន ខនវេយ៍ (Kellyanne Conway) ធ្វើជាទឹប្រឹក្សាជំនិតប្រធានាធិបតី ដែលប្រការនេះ នឹងធ្វើឲ្យលោកស្រីក្លាយជាស្រ្តីនៅ ឯសេតវិមានដែលមានឋានៈខ្ពស់ជាងគេបំផុត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមចាត់ចែងកិច្ចការផ្ទេរតំណែងរបស់លោក ត្រាំ ដែលចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦។
លោកស្រី ឃែលឡៀន ខនវេយ៍ វ័យ៤៩ឆ្នាំ ដែលបច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់ នៃក្រុមចាត់ចែងកិច្ចការផ្ទេរតំណែងរបស់លោក ដូណាល់ ត្រាំ ត្រូវបានគេចាត់ទុកថា ជាបុគ្គលមួយរូបដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយលោក ត្រាំ រិះរកវិធីសាស្រ្តនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ប្រកបដោយក្បួនវិន័យជាងមុខ ដែលរហូតនាំឲ្យឈានទៅដល់ជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីខែវិច្ឆិកាកន្លងទៅនេះ។
ដោយឡែកនៅក្នុងមុខតំណែងថ្មីវិញ លោកស្រី ខនវេយ៍ នឹងដើរតួនាទីជាទីប្រឹក្សាដ៏សំខាន់មួយរូបប្រចាំនៅសេតវិមាន នៅពេលដែលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតី នៃសហរដ្ឋអាមេរិកជាផ្លូវការនាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ដើម្បីជួយអ្នកជំនួញនៅក្នុងទីក្រុង ញូយ៉កដែលបានក្លាយ ជាមេដឹកប្រទេសមហាអំណាចមួយនេះគ្រប់គ្រងកិច្ចការសំខាន់ៗមួយចំនួន។
គួរបញ្ជាក់ថា នៅថ្ងៃដដែលនេះលោក ដូណាល់ ត្រាំ ក៏បានប្រកាសពីការបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មជាតិប្រចាំសេតវិមាន (NTC) និងបានតែងតាំងលោកបណ្ឌិត ភីតឺ ណាវ៉ារ៉ូ (Peter Navarro) ដែលអ្នកសេដ្ឋកិច្ចមួយរូប ធ្វើជាប្រធានទីមួយនៃក្រុមប្រឹក្សាដែលទើបត្រូវបានបង្កើតឡើងថ្មីមិនធ្លាប់មាននេះផងដែរ៕