(ម៉ានីល)៖ ប្រធានាធិបតីមាត់ដាចនៃប្រទេសហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃព្រហស្បតិ៍នេះ បានជេរប្រទិចយ៉ាងចាស់ដៃទៅលើឧត្តមស្នងការជាន់ខ្ពស់ នៃអង្គការសហប្រជាជាតិលោក Zeid Ra'ad Al Hussein ដែលបានទទូចឲ្យអាជ្ញាធរក៏ដូចជា តុលាការហ្វីលីពីនបើកការស៊ើបអង្កេតលើលោក ឌូតឺតេ បន្ទាប់ពីលោកប្រធានាធិបតីហ្វីលីពីនបានសារភាព ថាលោកធ្លាប់បានបាញ់សម្លាប់មនុស្សដោយផ្ទាល់ដៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦។
នៅក្នុងឱកាសថ្លែងសុន្ទរកថា តាមរយៈកញ្ចក់ទូរទស្សន៍លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយដូច្នេះថា៖ «បុរសនេះ (លោក Zeid) គឺមនុស្សដែលប៉ិនកំប្លែង ឬមួយក៏ឆ្កួតបំផុត។» ហើយបុរសខ្លាំងហ្វីលីពីនរូបនេះបានបន្តហៅលោក Zeid ថាជាមនុស្ស «ល្ងីល្ងើ» មិនដាច់ពីមាត់ ដោយលោកបានបន្ថែមថា «មន្រ្តី UN ដូចអ្នកឯងដែលអង្គុយសំកុកនៅទីនោះ គឺយើងជាអ្នកបង់ប្រាក់ខែឲ្យ... មនុស្សល្ងីល្ងើដូចជាអ្នកគ្មានសិទ្ធិមកប្រដៅខ្ញុំឲ្យធ្វើនេះធ្វើនោះនោះឡើយ...តើនរណាផ្តល់សិទ្ធិ ទៅឲ្យអ្នកឯង»។ លោក ឌូតឺតេ បានពួយបន្តទៀតថា «សូមបិទមាត់ឲ្យជិតទៅ ព្រោះថាខួរដូចជាខ្វះខាតនៅក្នុងក្បាលរបស់អ្នក ហើយទៅចូលសាលារៀនវិញទៅ ដោយសារមើលទៅគ្មានចេះការទូត និងមិនដឹងពីរបៀបនៃការប្រព្រឹត្តខ្លួនឲ្យសក្តិសមជាមន្រ្តីមួយរូបរបស់អង្គការសហប្រជាជាតិអ៊ីសោះ...អ្នកមិនត្រូវនិយាយ មកកាន់ខ្ញុំដូច្នោះឡើយ, កូនមីសំផឹង»។
គួរបញ្ជាក់ថា លោក Zeid Ra'ad Al Hussein បានស្នើឲ្យអាជ្ញាធរហ្វីលីពីនគួរតែបើកការស៊ើបអង្កេតទៅលើ ការអះអាងរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលថាលោកបានបាញ់សម្លាប់មនុស្សប្រុសចំនួនបីនាក់ ខណៈពេលដែលលោកនៅកាន់តួនាទីជាអភិបាលក្រុងដាវ៉ៅ ហើយលោកឧត្តមស្នងការសិទ្ធិមនុស្ស UN រូបនេះ ក៏បានលើកឡើងដែរថា ទំហំនៃការស៊ើបអង្កេតគួរតែក្តោបទៅលើយុទ្ធនាការបង្រ្កាបឧក្រិដ្ឋកម្មគ្រឿងញៀនដ៏សាហាវរបស់លោក ឌូតឺតេ ដែលបានបណ្តាល ឲ្យមានមនុស្សស្លាប់យ៉ាងរង្គាលជាច្រើនពាន់នាក់នៅប្រទេសហ្វីលីពីនផងដែរ៕