(ម៉ានីល)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នឹងបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋចំនួនពីរថ្ងៃមកកាន់ប្រទេសហ្វីលីពីននាខែមករា ឆ្នាំ២០១៧ បន្ទាប់ពីលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ បានទៅធ្វើទស្សនកិច្ចរយៈពេលបីថ្ងៃនៅក្នុងទីក្រុងតូក្យូ កាលពីចុងខែតុលាកន្លងទៅ។ នេះបើតាមប្រភពពីមន្ត្រីការបរទេសហ្វីលីពីន ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦។
ប្រភពព័ត៌មានខាងលើបានបញ្ជាក់ថាលោក ស៊ីនហ្សូ អាបេ អមដំណើរដោយគណៈប្រតិភូពាណិជ្ជកម្ម នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងម៉ានីល ក៏ដូចជាទីក្រុងដាវ៉ៅ (Davao) ដែលស្រុកកំណើតរបស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នាថ្ងៃទី១២-១៣ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ ហើយលោក អាបេ នឹងជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាក្នុងតំបន់នានាជាមួយលោក ឌូតឺតេ នៅក្នុងឱកាសនោះដោយមេដឹកនាំនៃប្រទេសទាំងពីរ នឹងមានកិច្ចប្រជុំឯកជនរួមគ្នាមួយជាមួយមន្ត្រីរដ្ឋាភិបាលរបស់ភាគីទាំងសងខាងស្តីអំពីមធ្យោបាយក្នុងការបង្កើនការដោះដូរ ពាណិជ្ជកម្មនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ដោយឡែកកាលពីថ្ងៃអង្គារ សប្តាហ៍មុននេះយន្តហោះ «Japanese Air Force One» ដែលជាយន្តហោះរបស់កងកម្លាំងស្វ័យការពារជប៉ុន បានធ្វើការចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងដាវ៉ៅដែលទំនងជាការចុះចតសាកល្បងត្រៀមសម្រាប់ដំណើរបំពេញទស្សនកិច្ចរបស់លោក ស៊ីនហ្សូ អាបេ។ យន្តហោះធុន Boeing 747 មួយនេះត្រូវបានប្រើប្រាស់ដោយ រដ្ឋាភិបាលប្រទេសជប៉ុនដើម្បីដឹកជញ្ជូននាយករដ្ឋមន្រ្តី ព្រះចៅអធិរាជ និងមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ដទៃៗផ្សេងទៀត។
យ៉ាងណាមិញក្រសួងការបរទេសនៃប្រទេសហ្វីលីពីន ពុំទាន់បានចេញសេចក្តីប្រកាសជាផ្លូវការនៅឡើយទេ ជុំវិញដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុន៕