(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះបានសន្យាថា នឹងធ្វើយ៉ាងណាកាត់បន្ថយការចំណាយនៃកម្មវិធីផលិតយន្តហោះចម្បាំងធុន F-35 របស់កងទ័ពជើងអាកាសអាមេរិក ហើយលោក ត្រាំ ក៏បានឆ្លៀតឱកាសធ្វើការគូសបញ្ជាក់សាជាថ្មីអំពីភាពខ្នះខ្នែងរបស់លោកក្នុងការបន្ថយការចំណាយរបស់រដ្ឋាភិបាលផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯភូមិគ្រឹះលំហែរកាយ លោក ដូណាល់ ត្រាំ បាននិយាយថា «វា (គំរោងយន្តហោះចម្បាំងធុន F-35) គឺជាកម្មវិធីមួយដែលតម្លៃដ៏សែនថ្លៃជាទីបំផុតដូច្នេះហើយយើងនឹងរិះរកមធ្យោបាយធ្វើបែបណាឲ្យតម្លៃរបស់វាថយចុះ»។ លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ធ្ងន់ៗទៅលើការអភិវឌ្ឍយន្តហោះចម្បាំងប្រភេទ F-35 តាមរយៈបណ្តាញទំនាក់ទំនងសង្គម Twitter ថា «គំរោងផលិតយន្តហោះចម្បាំងធុន F-35 និងតម្លៃរបស់វាគឺលើសពីអ្វីដែលអាចគ្រប់គ្រងបានហេតុដូចនេះថវិការាប់ពាន់លានដុល្លារក៏ដូចជានឹងអាចកាត់បន្ថយនៅក្នុងការទិញដូរនៃវិស័យយោធា ក្រោយថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ (ជាថ្ងៃលោក ដូណាល់ ត្រាំ ចូលស្បថកាន់តំណែងជាប្រធានាធិបតីទី៤៥នៃសហរដ្ឋអាមេរិក)។»
ជាងនេះទៅទៀតការប្រកាសពី លោក ដូណាល់ ត្រាំ ខាងលើនេះត្រូវបានធ្វើឡើងក្នុងថ្ងៃជាមួយគ្នានៅពេលដែលអនាគតប្រធានាធិបតីរូបនេះបានជួបពិភាក្សាជាមួយលោក ម៉ារីលី្លន ហ៊ូសុន (Marilly Hewson) នាយកប្រតិបត្តិក្រុមហ៊ុន ឡក់ហ៊ីដ ម៉ាទីន (Lockheed Martin) ដែលជាអ្នកផលិតយន្តហោះចម្បាំងធុន F-35 ផងដែរដើម្បីសំដៅពិគ្រោះយោបល់គ្នាអំពីការកាត់បន្ថយ តម្លៃនៃយន្តហោះចម្បាំងជំនាន់ថ្មីដ៏ទំនើបបំផុតនេះ។
គួរបញ្ជាក់ថាសាររបស់លោក ដូណាល់ ត្រាំ បានផ្តល់ជាការពង្រឹងបន្ថែមទៀតចំពោះសារអ៉ីម៉ែលស្តីពីវិស័យការពារជាតិមួយដែលបានធ្លាយចេញកាលពីថ្ងៃពុធម្សិលមិញ ដែលរៀបរាប់យ៉ាងលម្អិតអំពីបញ្ហាការពារជាតិចម្បងៗដូចជាការកម្ចាត់ក្រុមរដ្ឋអ៉ីស្លាម ISIS, ការកសាងវិស័យការពារជាតិដ៏រឹងមាំមួយ, ការបង្កើនសមត្ថភាពទប់ទល់នូវការវាយលុកតាមប្រព័ន្ធអ៉ឺនធឺណែត, និងការកាត់បន្ថយការចំណាយក្នុងរដ្ឋាភិបាល៕