(ម៉ុងហ្គោលី)៖ រដ្ឋមន្រ្តីការបរទេសម៉ុងហ្គោលីនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថានាពេលអនាគតសម្តេចសង្ឃ ដាឡៃ ឡាម៉ា នឹងមិនត្រូវបានអញ្ជើញមកធ្វើទស្សនកិច្ច នៅក្នុងប្រទេសម៉ុងហ្គោលីទៀតនោះឡើយ ដែលការបញ្ជាក់នេះត្រូវបានធ្វើឡើងបន្ទាប់ពីមេដឹកនាំនិមិត្តរូបនៃតំបន់ទីបេអង្គនេះ បានធ្វើដំណើរមកកាន់ម៉ុងហ្គោលីកាលពីខែមុននេះ ជាហេតុបានបណ្តាលឲ្យចិនដែលចាត់ទុកព្រះអង្គជាជនផ្តាច់ខ្លួនដ៏គ្រោះថ្នាក់ម្នាក់នោះមានភាពក្តៅក្រហល់ក្រហាយយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦។
លោក Tsend Munkh-Orgil រដ្ឋមន្រ្តីក្រសួងការបរទេសបានថ្លែងប្រាប់សារព័ត៌មានម៉ុងហ្គោលី Unuudur ដូច្នេះថា «នៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន សម្តេចសង្ឃ ដាឡៃ ឡាម៉ា នឹងទទួលបានការអញ្ជើញឲ្យមកកាន់ប្រទេសម៉ុងហ្គោលីតទៀតឡើយ»។ ដោយឡែកនៅពេលសាកសួរពីការគូសបញ្ជាក់របស់ប្រទេសម៉ុងហ្គោលី អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានលើកឡើងថា «ប្រទេសចិនសង្ឃឹមថាភាគីម៉ុងហ្គោលីពិតជាអាចរៀនសូត្រពីមេរៀននៃហេតុការណ៍នេះ ហើយមានការគោរពចំពោះផលប្រយោជន៍ស្នូលរបស់ចិន ក៏ដូចជានៅតែបន្តធ្វើតាមពាក្យសន្យារបស់ខ្លួន និងខិតខំប្រឹងប្រែងលើកកម្ពស់ការអភិវឌ្ឍនៃទំនាក់ទំនងចិន-ម៉ុងហ្គោលី»។
ជុំវិញបញ្ហានេះដែរប្រទេសម៉ុងហ្គោលីធ្លាប់បានអះអាងថា ដំណើរទស្សនកិច្ចរបស់សម្តេចសង្ឃ ដាឡៃ ឡាម៉ា ពុំមានអ្វីពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលរបស់ខ្លួននោះឡើយ ហើយព្រះអង្គត្រូវបានអញ្ជើញដោយពុទ្ធសាសនិកម៉ុងហ្គោលឯណោះវិញទេ។ អំឡុងពេលនៅក្នុងប្រទេសម៉ុងហ្គោលី សម្តេចសង្ឃ ដាឡៃ ឡាម៉ា បានបង្ហើបប្រាប់ថាលោកមានគំរោងនឹងទៅជួបសំណេះសំណាលជាមួយ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថែមទៀតផង។
គួរបញ្ជាក់ថានៅក្រោយដំណើរទស្សនកិច្ចនៃសម្តេចសង្ឃ ដាឡៃ ឡាម៉ា រដ្ឋាភិបាលទីក្រុងប៉េកាំងបានឡាំប៉ាយ៉ាងខ្លាំងដោយបានផ្អាករាល់កិច្ចជួបពិភាក្សាការងារជាមួយមន្ត្រីម៉ុងហ្គោលី ហើយបានបង្កើនពន្ធទំនិញនាំចូលពីប្រទេសម៉ុងហ្គោលីថែមទៀត ខណៈកាលពីឆ្នាំ២០០៦ ចិនបានសម្រេចចិត្តលុបចោលជើងហោះហើរមួយរយៈពេលជាមួយនឹងម៉ុងហ្គោលី ដោយសារតែការទទួលស្វាគមន៍សម្ដេចសង្ឃ ដាឡៃ ឡាម៉ា ដូចគ្នានេះ៕