(CNN)៖ បើទោះបីជាមានហេតុការណ៍ធ្វើឃាត ពីសំណាក់ប៉ូលីសតួកគី វ័យ២២ឆ្នាំ ទៅលើឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេស តួកគី នៅក្នុងសាលតាំងពិព័រណ៍ក្នុងរដ្ឋធានី អង់ការ៉ាក្តី រដ្ឋាភិបាលក្រុង ម៉ូស្គូ ហាក់មិនបានថ្កោលទោសចំពោះប្រទេស តួកគីលើបញ្ហានេះឡើយ។
ផ្ទុយទៅវិញ លោក Leonid Slutsky ប្រធានគណៈកម្មាធិការសន្តិសុខជាតិប្រចាំសភា Duma របស់ប្រទេស រុស្ស៊ីបានលើកឡើងក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពី ហេតុការណ៍នេះថា «ការបាញ់ប្រហារនេះ ជាចេទនារបស់ភាគីទីបីប៉ុណ្ណោះ ដែលមានបំណងចង់បង្កភាពល្អក់កករក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុង ម៉ូស្គូ និងអង់ការ៉ា»។
លោកបានបន្តថា ការពិតទៅហេតុការណ៍បាញ់ប្រហារនេះហាក់ជាការជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និតទៅវិញទេ។ វាអាចជាបំណងរបស់ សហរដ្ឋអាមេរិក ឬអង្គការណាតូក៏អាចថាបាន។
សូមរំលឹកថា ក្នុងសម័យសង្គ្រាមត្រជាក់ ប្រទេស រុស្ស៊ី និងតួកគីស្ថិតក្នុងគោលជំហរមួយចំហៀងម្នាក់។ ហើយក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត ប្រទេសទាំងនៅតែបន្តជាគូសត្រូវនឹងគ្នាសារជាថ្មី។
មិនតែប៉ុណ្ណោះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះប្រទេស តួកគី និងរុស្ស៊ី បានវិវាទគ្នាដោយសារវិបត្តិនៅស៊ីរី។ តួកគីមិនសប្បាយចិត្តចំពោះ រុស្ស៊ី ដែលគាំទ្រប្រធានាធិបតីស៊ីរីលោក បាស្សាអាល់អាស្សាដ និងគោលជំហរបស់ប្រទេសនេះប្រឆាំងក្រុមបះបោរនៅស៊ីរី។ ជាងនេះទៅទៀតនោះ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ តួកគីបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ី ដែលបានហោះបំពានដែនអាកាសរបស់ខ្លួននៅតាមបន្ទាត់ព្រំដែនតួកគី និងស៊ីរី។
តាមរយៈហេតុផលខាងលើធ្វើឱ្យទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុង ម៉ូស្គូ និងអង់ការ៉ា មិនធ្លាប់មានភាពប្រសើរឡើយ។ ហេតុនេះតើទំនាក់ទំនងរវាង ប្រទេសទាំងពីរចាប់ផ្តើមប្រសើរឡើងដោយរបៀបណា? ហេតុអ្វីបានរុស្ស៊ី និង តួកគីត្រូវការពឹងពាក់គ្នាទៅវិញទៅមកបែបនេះ?
* លោក Erdogan ងាកមកបន្ទន់ឥរិយាបទចំពោះរុស្ស៊ី
លោក Erdogan មានមហិច្ឆតាចង់ឱ្យតួកគីក្លាយជាមហាអំណាចប្រចាំតំបន់មជ្ឈឹមបូព៌ា និងដើរតួនាទីសំខាន់នៅលើឆាកអន្តរជាតិ។ ជាក់ស្តែងកាលពីឆ្នាំ២០០៩កន្លងទៅនេះ ក្នុងពេលលោក Erdogan កាន់ដំណែងជានាយករដ្ឋមន្ត្រីតួកគី លោកចង់សម្រេចបាននូវគោលដៅ «Zero problems» ក្នុងគោលនយោបាយការបរទេស។
ដើម្បីសម្រេចបានគោលដៅនេះប្រទេស តួកគី ចាំបាច់បង្កើតទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងសម្ព័ន្ធមិត្ត សូម្បីជាមួយប្រទេសដែលជាសត្រូវ របស់សហរដ្ឋអាមេរិកក្តី ជាក់ស្តែងដូចជាប្រទេស អ៊ីរ៉ង់ជាដើម។ តាមរយៈគោលនយោបាយ «Zero problems» តួកគីសង្ឃឹមថា ខ្លួនអាចក្លាយ ជាប្រទេសដែលដើរតួនាទីសំខាន់ទាំងក្នុងទំនាក់ទំនងការទូតអន្តរជាតិ សន្តិសុខ ពាណិជ្ជកម្ម និងក្លាយជាប្រទេសឯករាជ្យមួយ។ ប៉ុន្តែវាជារឿងដែលពិបាកទៅរួចបំផុត។
ជាមួយនឹងចំនួនប្រជាពលរដ្ឋមធ្យម ប្រទេស តួកគី បានពឹងផ្អែកភាគច្រើនទៅលើពាណិជ្ចកម្មក្រៅប្រទេស វិស័យទេសចរណ៍ និងជាពិសេសនោះគឺប្រភពថាមពល ហេតុនេះគឺមានតែរុស្ស៊ីប៉ុណ្ណោះដែលជាដៃគូពាណិជ្ចកម្មដ៏សំខាន់ដែលមិនអាចខ្វះបាន។ ប្រទេស រុស្ស៊ី ស្ថិតក្នុងចំណោមដៃគូពាណិជ្ចកម្មកំពូលៗរបស់តួកគី។ អ្នកទេសចរណ៍រុស្ស៊ីរាប់លាននាក់ បានផ្តល់ចំណូលប្រមាណ៩០០លានដុល្លារដល់សេដ្ឋកិច្ចតួកគី។ សំខាន់បំផុតនោះគឺ រុស្ស៊ី បានផ្គត់ផ្គង់ប្រេងប្រមាណ១២ភាគរយ និងឧស្ម័នប្រមាណ៥៥ភាគរយដល់ប្រទេសមួយនេះ។
ហេតុនេះបើទោះបីធ្លាប់ជាសត្រូវនឹងគ្នាក្តី នៅដើមឆ្នាំ២០១៦នេះ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានបន្ទន់ឥរិយាបទចំពោះប្រទេស រុស្ស៊ី។ ទំនាក់ទំនងប្រសើររវាងប្រទេសទាំងពីរបានចាប់ផ្តើមឡើងកាលពីខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ បន្ទាប់ពីលោក Erdogan បង្ហាញជាសាធារណៈនូវ ភាពសោកស្តាយសម្រាប់ការបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ី។
លោក Putin បានធ្វើកិច្ចសន្ទនាជាមួយប្រធានាធិបតី Erdogan កាលពីថ្ងៃទី២៩ ខែមិថុនា ដែលនេះត្រូវបានគេចាត់ទុកថា ជាកិច្ចសន្ទនាប្រកបដោយផ្លែផ្កាបំផុត។ ក្រោយមករដ្ឋាភិបាលក្រុង ម៉ូស្គូ បានដកការរឹតបន្តឹងចំពោះប្រជាពលរដ្ឋរុស្ស៊ីដែលចង់ធ្វើដំណើរទៅកាន់ប្រទេស តួកគី ព្រមទាំងបានចេញបញ្ជាឱ្យចាប់ផ្តើម ទំនាក់ទំនងពាណិជ្ចកម្មដូចដើមឡើងវិញ។
ជាអកុសលខណៈដែលទំនាក់ទំនងពាណិជ្ចកម្មរវាងប្រទេស រុស្ស៊ី និងតួកគីឈានដល់ដំណាក់កាលល្អប្រសើរ វាបែរជាបង្កើនភាពតានតឹងក្នុងទំនាក់ទំនង រវាងតួកគីជាមួយលោកខាងលិច ជាពិសេសគឺអង្គការណាតូទៅវិញ។
* តួកគីងាកចេញពីអង្គការណាតូ និងសហភាពអឺរ៉ុប
ការពិតទៅប្រទេស តួកគីធ្លាប់ជាសម្ព័ន្ធមិត្តជិតស្និតជាមួយសហរដ្ឋអាមេរិក និងជាសមាជិកអង្គការណាតូតាំងពីឆ្នាំ១៩៥០មកម្ល៉េះ ព្រមទាំងបានចូលរួមចំណែកផ្គត់ផ្គង់ កម្លាំងយោធាច្រើនជាងគេទីពីរក្នុងចំណោមប្រទេសជាសមាជិកផ្សេងទៀតរបស់អង្គការណាតូ។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលអង់ការ៉ា ធ្លាប់មានបំណងចង់ក្លាយជា សមាជិរបស់សហភាពអឺរ៉ុប តាំងពីទសវត្សរ៍ឆ្នាំ១៩៦០មកម្ល៉េះ។
នៅដើមឆ្នាំ២០១៣ ក្រោមការដឹកនាំរបស់លោក Tayyip Erdogan តួកគីបានចាប់ផ្តើមងាកចេញពីសម្ព័ន្ធទាំងនេះ។ ក្នុងពេលនោះដោយលោកErdogan ប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា ការចោទប្រកាន់ថាមានអំពើពុករលួយ ស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ រួមជាមួយការប្រឈមមុខនឹងសម្ព័ន្ធចាស់ផងនោះ លោកបានបោះបង់គោលនយោបាយចាស់ ដែលធ្លាប់មានភាពលំអៀងទៅលើប្រទេស មហាអំណាច។
រុស្ស៊ីឆ្លៀតឆក់យកឱកាសបង្កើនទំនាក់ទំនងល្អជាមួយតួកគី បញ្ហាពីរដែលបង្កភាពល្អក់កករក្នុងទំនាក់ទំនងរវាង តួកគី និងសហរដ្ឋអាមេរិក។ ទីមួយគឺវិបត្តិនៅស៊ីរី គឺរដ្ឋាភិបាលអង់ការ៉ា និងវ៉ាស៊ីនតោនមានការវិវាទគ្នាលើការកំណត់ជោគវាសនារបស់លោក បាស្សាអាល់អាស្សាដ និងតួនាទីរបស់ពួកឃឺដក្នុងប្រទេស ស៊ីរី។ រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោនបានគាំទ្រចំពោះពួកឃឺដដើម្បីប្រឆាំងរដ្ឋាភិបាលស៊ីរី ស្របពេលដែលតួកគី ធ្លាប់ផ្ទុះសង្គ្រាមយ៉ាងសាហាវឃោឃៅជាមួយពួកឃឺដ អស់ជាច្រើនឆ្នាំមកហើយ។ ទាក់ទិននឹងបញ្ហានេះ តួកគីបានសម្រេចចិត្តអំពាវនាវសុំជំនួយពីរុស្ស៊ី។ បើទោះបីជារុស្ស៊ីធ្លាប់បានគាំទ្រពួកឃឺដ ក្នុងពេលកន្លងមកក្តី តែក្នុងស្ថានភាពនេះរុស្ស៊ីមានបំណងចង់ប្រឆាំងពួកឃឺដ និងសហរដ្ឋអាមេរិក ដើម្បីជួយដល់រដ្ឋាភិបាលស៊ីរី។
ដោយឡែកបញ្ហាមួយទៀតគឺ ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារក្នុងប្រទេសតួកគីកាលពីខែកក្កដាកន្លងទៅនេះ។ ប្រទេស តួកគី និងសហរដ្ឋអាមេរិកបានប្រឈមមុខ ដាក់គ្នាលើការស្នើធ្វើបត្យាប័នលោក Fethullah Gulen ដែលត្រូវបានតួកគីសង្ស័យថាជាអ្នកនៅពីក្រោយគម្រោងរដ្ឋប្រហារនេះ។ សហរដ្ឋអាមេរិកបដិសេធ មិនព្រមធ្វើបត្យាប័នដែលបង្កឱ្យលោក Erdogan មានការខឹងសម្បាជាខ្លាំងទៅលើសហរដ្ឋអាមេរិក ប៉ុន្តែវាបែរជាក្លាយជារឿងមួយធ្វើឱ្យលោក Putin មានភាពរីករាយក្នុងការកើបយកផលប្រយោជន៍ពីទំនាស់នេះទៅវិញ។
លោក Putin ចង់ឃើញការបែកបាក់គ្នាក្នុងសម្ព័ន្ធណាតូ ដើម្បីជម្រុញខ្លួនឯងកា្លយជាប្រទេសលេចធ្លោមួយ។ បច្ចុប្បន្នទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងតួកគី និងទំនាក់ទំនងក្នុងសហភាពអឺរ៉ុប កំពុងដើរតាមគន្លងមួយដែលរុស្ស៊ីប្រាថ្នាចង់បាន។ រុស្ស៊ីមានបំណងចង់ក្លាយជាប្រទេសនាំមុខគេលើតួនាទី ជាអ្នកដោះស្រាយវិបត្តិនៅស៊ីរី និងកិច្ចការអន្តរជាតិ។
បច្ចុប្បន្នរុស្ស៊ីអាចរៀបចំកិច្ចពិភាក្សាលើបញ្ហានេះជាមួយប្រទេស តួកគី និងអ៊ីរ៉ង់ ដោយពុំចាំបាច់មានវត្ថមានរបស់សហរដ្ឋអាមេរិក។ ស្ថានភាពនេះវាបង្ហាញថា ទំនាក់ទំនងជិតស្និតរវាងរុស្ស៊ី និងតួកគីពិតជាចាំបាច់ជាទីបំផុត រហូតសូម្បីការធ្វើឃាតទៅលើមន្ត្រីជាន់ខ្ពស់ម្នាក់របស់រុស្ស៊ី ក៏រដ្ឋាភិបាលក្រុង ម៉ូស្គូ ហាក់បង្ហាញ គោលជំហរមិនទាមទារទំនួលខុសត្រូវពីសំណាក់រដ្ឋាភិបាលក្រុង អង់ការ៉ាឡើយ។
វាបានបង្ហាញថាប្រទេសទាំងពីរកំពុងបំពេញតម្រូវគ្នាទៅវិញទៅមកក្នុងរយៈពេលខ្លី។ ប៉ុន្តែតើនឹងមានរឿងអ្វីកើតឡើង បន្ទាប់ពីតម្រូវការទាំងនោះត្រូវបានបំពេញ រួចរាល់នោះ? ច្បាស់ណាស់ថា វាអាចមិនមែនជារឿងល្អនោះទេ៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា