(កូឡុំប៊ី)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលកូឡុំប៊ី បានឱ្យដឹងថាយន្ដហោះដឹកទំនិញមួយគ្រឿងប្រតិបត្តិដោយមនុស្ស ០៦នាក់បានធ្លាក់នៅក្នុងគោលដៅហោះហើរពីទីក្រុង Puerto Carreno ឆ្ពោះទៅកាន់រដ្ឋធានី Bogota ខណៈមូលហេតុនៃគ្រោះថ្នាក់នេះពុំទាន់ត្រូវបានបញ្ជាក់ឱ្យច្បាស់នោះទេ ក៏ប៉ុន្តែបើតាមរូបភាពវីដេអូ នៅលើ youtube បង្ហាញថា យន្ដហោះប្រភេទប៊ូអ៊ីង ៧២៧ បានប៉ះទង្គិចនឹងរបងអាកាសយានដ្ឋាន នៅពេលចាប់ផ្ដើមហោះចេញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦។
ប្រភពដដែលបានឱ្យដឹងទៀតថា យន្ដហោះខាងលើបានធ្លាក់នៅម៉ោងប្រមាណជា ១៧៖២៣នាទីល្ងាចថ្ងៃពុធ (ម៉ោងនៅក្នុងតំបន់អាមេរិកឡាទីន) ស្ថិតនៅចំងាយ ១៦គីឡូម៉ែត្រពីអាកាសយានដ្ឋាន German Olano Airport។ ទន្ទឹមគ្នានោះដែរបើតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP មានតែមនុស្សម្នាក់គត់នៅរស់រានមានជីវិតក្នុងចំណោមមនុស្សទាំង ០៦ខាងលើហើយរូបគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ San Juan de Dios ចំណែកឯអ្នកស្លាប់ទាំង ០៥នាក់ គឺជាក្រុមស្ថិតនៅក្នុងបន្ទប់បញ្ជាការបើកបរ។
គួររំលឹកថាកាលពីខែវិច្ឆិកាកន្លងទៅ យន្ដហោះដឹកក្រុមកីឡាករនៃក្លឹបបាល់ទាត់ប្រេស៊ីល Chapecoense ក៏បានធ្លាក់ផងដែរនៅប្រទេសកូឡុំប៊ី ដោយនៅកាលណោះបានឆក់យកជីវិតមនុស្សរហូតដល់ ៧១នាក់ ក្នុងចំណោមអ្នកដំណើរសរុប ៧៧នាក់៕