(តូក្យូ)៖ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បានអនុម័តលើការបង្កើនការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងកំណត់ត្រាថ្មីមួយសម្រាប់វិស័យការពារជាតិ ស្របពេលដែលចិនចេះតែបង្កើនសកម្មភាពយោធានៅសមុទ្រចិនខាងកើត ហើយកូរ៉េខាងជើងក៏នៅតែបន្តបាញ់សាកល្បងមីស៊ីលផ្លោងរំលោភច្បាប់អន្តរជាតិឥតឈប់ឈរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦។
គណៈរដ្ឋមន្ត្រីរបស់លោក អាបេ នៅថ្ងៃព្រហស្បតិ៍នេះបានអនុម័តលើការបង្កើនការចំណាយ ១.៤ភាគរយ ឬស្មើនឹង ៥.១៣ទ្រីលានយ៉េន (៤៣.៦៦ពាន់លានដុល្លារអាមេរិក) សម្រាប់វិស័យការពារប្រចាំឆ្នាំដោយរាប់ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ហើយបើសិនជាកញ្ចប់ថវិកានេះត្រូវបានអនុម័តដោយសភាជប៉ុន នោះមានន័យថាវាគឺការចំណាយថវិកាខ្ពស់បំផុតក្នុងរយៈពេល ០៥ឆ្នាំជាប់ៗគ្នាក្នុងវិស័យការពារជាតិ។
គួរបញ្ជាក់ថារដ្ឋាភិបាលជប៉ុនដឹកនាំ ដោយលោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានផ្ដោតយ៉ាងខ្លាំងលើវិស័យការពារជាតិ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បន្ថែមពីលើនេះរដ្ឋាភិបាលជប៉ុន ក៏មានគំរោងអភិវឌ្ឍន៍បច្ចេកវិទ្យា មីស៊ីលផ្លោងផងដែរ ដើម្បីឆ្លើយតបទៅនឹងការរីកចំរើន នៃកម្មវិធីមីស៊ីលផ្លោង របស់កូរ៉េខាងជើង៕