(យូអិន)៖ ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិលោក Zeid Ra'ad Al Hussein បានថ្លែងនៅថ្ងៃពុធនេះថា អាជ្ញាធរហ្វីលីពីនគួរតែបើកស៊ើបអង្កេតទៅលើការអះអាងរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលថាលោកបានបាញ់សម្លាប់មនុស្សប្រុសចំនួនបីនាក់ ខណៈពេលដែលលោកនៅកាន់ តួនាទីជាអភិបាលក្រុងដាវ៉ៅ (Davao)។ នេះបើតាមដកស្រង់ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។
ប្រតិកម្មពីសំណាក់អង្គការសហប្រជាជាតិនេះត្រូវបានធ្វើឡើង បន្ទាប់ពីលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានលាតត្រដាងឲ្យដឹងកាលពីសប្តាហ៍មុនថា រូបលោកជារឿយៗតែងតែធ្វើដំណើរល្បាតតាមដងផ្លូវដោយម៉ូតូធំ និងធ្លាប់បានបាញ់សម្លាប់មនុស្សប្រហែលបីនាក់នៅក្នុងទីក្រុងនេះផងដែរ កាលពីលោកនៅកាន់តំណែងជាអភិបាលក្រុងដៅវ៉ៅចាប់ពីឆ្នាំ១៩៨៨ រហូតដល់ឆ្នាំ២០០៦។
លោក Zeid បានគូសបញ្ជាក់ដូច្នេះថា៖ «ទង្វើបែបនេះប្រឆាំងទៅនឹងសិទ្ធិមនុស្សដែលបានចែងនៅក្នុងមាត្រាទី៣ នៃរដ្ឋធម្មនុញ្ញប្រទេសហ្វីលីពីន ហើយការសម្លាប់ ដែលត្រូវបានរៀបរាប់ ដោយលោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏បានរំលោភបំពានទៅលើច្បាប់អន្តរជាតិជាច្រើនដែលស្តីពីសិទ្ធិមនុស្សផងដែរ»។ ជាមួយគ្នានេះដែរ ឧត្តមស្នងការសិទ្ធិមនុស្សរបស់ UN បានចោទប្រកាន់លោក ឌូតឺតេ ពីបទញុះញង់ឲ្យមានសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ និងជំរុញលើកទឹកចិត្តឲ្យមានបរិស្ថានរស់នៅដែលពោរពេញទៅដោយអំពើហិង្សានិងនិទណ្ឌភាព។
គួរបញ្ជាក់ថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានចាប់ផ្តើមសង្រ្គាមបង្រ្កាបឧក្រិដ្ឋកម្មគ្រឿងញៀនរួមនិងបទឧក្រិដ្ឋផ្សេងៗ នៅក្នុងប្រទេហ្វីលីពីនចាប់តាំងតែពីលោកបានឡើងកាន់តំណែងជាប្រធានាធិបតីកាលពីខែមិថុនាមក ហើយលោក ឌូតឺតេ បានប្រើប្រាស់វិធានការដ៏ក្តៅគគុកប្រឆាំងជាពិសេសចំពោះអ្នករត់ពន្ធគ្រឿងញៀន ដោយលោកបានលើកឡើងថា ពួកគេគឺជាការគំរាមកំហែងដ៏ខ្លាំងក្លាបំផុតដល់ប្រទេសជាតិ ហើយគួរតែត្រូវទប់ទល់ជាមួយដោយប្រើប្រាស់គ្រប់វិធីសាស្រ្តដែលចាំបាច់។ បើតាមសេចក្តីរាយការណ៍ចុងក្រោយបំផុត មនុស្សមិនតិចជាង៦,១០០នាក់នោះឡើយ ត្រូវបានសម្លាប់ក្នុងយុទ្ធនាការនេះដោយមន្រ្តីប៉ូលិស និងកម្លាំងប្រជាជននៅរយៈពេលជាច្រើនខែមកនេះ៕