(ហាណូយ)៖ ប្រទេសវៀតណាមនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ថានីយ៍ឃ្លាំមើលតារាសាស្រ្តដំបូងបំផុតនៅក្នុងខេត្ត Khanh Hoa ភាគកណ្តាលប្រទេសនាខែមីនា ឆ្នាំ២០១៧។ នេះបើយោងតាមមជ្ឈមណ្ឌលផ្កាយរណបជាតិវៀតណាម (VNSC) ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។
មជ្ឈមណ្ឌល VNSC បានឲ្យដឹងថាស្ថានីយខាងលើត្រូវបានសាងសង់ឡើងនៅឯ តំបន់ថ្មភ្នំឈ្មោះថា Hon Chong ក្នុងទីក្រុង Nha Trang នៃខេត្ត Khanh Hoa ដែលស្ថិតនៅចម្ងាយប្រមាណ ១,០៤០គីឡូម៉ែត្រពីភាគខាតត្បូងនៃរដ្ឋធានីហាណូយ។ ស្ថានីយឃ្លាំមើលទីអវកាសនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលបញ្ចប់ចុងក្រោយ ហើយវានឹងរួចរាល់សម្រាប់ការធ្វើដំណើរការសាកល្បងនៅថ្ងៃចុងខែមករាឆ្នាំក្រោយនេះ ខណៈពិធីសម្ពោធជាផ្លូវការត្រូវបានកំណត់ពេលវេលា នឹងធ្វើឡើងនាខែមីនា ឆ្នាំ២០១៧។
ប្រធានមជ្ឈមណ្ឌលផ្កាយរណបជាតិវៀតណាម លោក Pham Anh Tuan បានថ្លែងនៅថ្ងៃពុធនេះថា កែវយឺតអវកាសដែលមានអង្កត់ផ្ចិតប្រវែង ០.៥ម៉ែត្រនឹងត្រូវបំពាក់នៅខាងក្នុងស្ថានីយដែលមានអង្កត់ផ្ចិតប្រវែង ០៩ម៉ែត្រ និងអាចផ្ទុកមនុស្សបានចំនួនដល់ទៅ ៦០នាក់ដែលទៅកាន់ទៅនោះដើម្បីអង្កេតមើលទីលំហអាកាសដ៏ស្រស់ស្អាត ឬក៏ដើម្បីទស្សនាភាពយន្តអំពីពិភព និងតារាផ្សេងៗ ក៏ដូចជាដើមកំណើតនៃភពផែនដីរបស់យើងផងដែរ។
គួរបញ្ជាក់ថាក្រៅពីស្ថានីយឃ្លាំមើលតារាសាស្ត្រ «Hon Chong» ប្រទេសវៀតណាមក៏កំពុងកសាងស្ថានីយដទៃមួយផ្សេងទៀតផងដែរ នៅក្នុងសារមន្ទីរអវកាសវៀតណាម នៅឯតំបន់បច្ចេកវិទ្យាទំនើប Hoa Lac នៃទីក្រុងហាណូយ ដែលទាំងស្ថានីយ និងសារមន្ទីរនឹងបើកឲ្យភ្ញៀវទេសចរចូលកម្សាន្តបាននាពាក់កណ្តាលឆ្នាំ២០១៨ ហើយគំរោងនៃការបង្កើតស្ថានីយទាំងពីរនេះ ត្រូវចំណាយថវិកាសរុបចំនួន ១២០ពាន់លានដុងដែលស្មើនឹង ៥.៣លានដុល្លារសហរដ្ឋអាមេរិក។
បន្ថែមពីនេះប្រទេសវៀតណាមក៏បានប្រកាសពីគំរោងនៃការបាញ់បង្ហោះផ្កាយរណបដែលត្រូវបានផលិតឡើងដោយផ្ទាល់ដៃចំនួនពីរគ្រឿងនៅឆ្នាំ២០១៩ និងឆ្នាំ២០២២ថែមទៀតផងខណៈអ្វីៗទាំងអស់នេះគឺស្ថិតនៅក្នុងគំរោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដែលពោរពេញទៅដោយមហិច្ឆតាដ៏ធំធេងបំផុតរបស់ប្រទេសវៀតណាម ដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយ មជ្ឈមណ្ឌលផ្កាយរណបជាតិវៀតណាម ជាមួយការបណ្តាក់ទុនវិនិយោគចំនួន ៦០០លានដុល្លារអាមេរិក៕