(បាងកក)៖ រដ្ឋាភិបាលថៃ និងចិនកំពុងពិភាក្សាគ្នាពាក់ព័ន្ធនឹងការសាងសង់រោងចក្រផលិតបរិក្ខាយោធានៅក្នុងប្រទេសថៃ ដែលនេះគឺជាសញ្ញាថ្មីបំផុតមួយនៃការឆ្ពោះទៅរកការផ្សាភ្ជាប់ទំនាក់ទំនងដ៏ល្អមិនធ្លាប់មានរវាងទីក្រុងប៉េកំាង និងសម្ព័ន្ធមិត្តដ៏ចំណាស់របស់សហរដ្ឋអាមេរិកមួយនេះ ខណៈចិនក៏បាន និងកំពុងពង្រីកឥទ្ធិពលដើម្បីកាត់បន្ថយអំណាចផ្ដាច់មុខ របស់អាមេរិកនៅអាស៊ីផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងប្រាប់សារព័ត៌មានខាងលើ អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Kongcheep Tantravanich បានឱ្យដឹងថា «នៅក្នុងជំនួបមួយនៅទីក្រុងប៉េកាំង កាលពីសប្ដាហ៍មុនរដ្ឋមន្ត្រីការពារជាតិថៃ លោក Prawit Wongsuwan បានប្រាប់សមភាគីចិន លោក Chang Wanquan ថារដ្ឋាភិបាលថៃមានចំណាប់អារម្មណ៍ ក្នុងការសាងសង់រោងចក្រសម្រាប់ជួសជុល និងរក្សាទុកបរិក្ខាយោធាចិន ដែលយើងមានស្រាប់នៅពេលបច្ចុប្បន្នក្នុងវិស័យអាវុធរបស់យើង [...] ហើយយើងក៏មានគោលបំណងផងដែរក្នុងការត្រួតពិនិត្យលើលទ្ធភាព សាងសង់រោងចក្រផលិតអាវុធធន់ស្រាល និងបរិក្ខាយោធាផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងវិស័យសន្តិសុខជាតិ ដូចជាយន្ដហោះគ្មានមនុស្សបើក (Drone) ជាដើម»។
គួរបញ្ជាក់ថាទំនាក់ទំនងរវាងថៃ និងសហរដ្ឋអាមេរិកបានជាប់គាំងបន្ទាប់ពីការកើតមានរដ្ឋប្រហារយោធាកាលពីខែឧសភា ឆ្នាំ២០១៤ ហើយមិនតែប៉ុណ្ណោះទីក្រុងវ៉ាស៊ីនតោនក៏ធ្លាប់បាននិយាយដែរថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនឹងមិនអាចត្រឡប់មករកភាពប្រក្រតីវិញឡើយ ដារាបណាលិទ្ធិប្រជាធិបតេយ្យមិនត្រូវបានអនុវត្តន៍សាជាថ្មី ហើយលើសពីនេះទៅទៀតសហរដ្ឋអាមេរិក ក៏បានបង្កកជំនួយផ្នែកសន្តិសុខ និងការពារជាតិសម្រាប់ថៃផងដែរ។
ហេតុដូច្នេះហើយទើបក្រោយពេលរដ្ឋាភិបាលយោធាថៃឡើងកាន់អំណាច នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក ប្រាយុទ្ធ ចាន់អូចា បានសាកល្បងស្វែងរកតុល្យភាពជាមួយសហរដ្ឋអាមេរិក តាមរយៈការអភិឌ្ឍទំនាក់ទំនងជាមួយចិន និងរុស្ស៊ី ហើយបើទោះបីជាបែបនេះក្តីក៏រដ្ឋាភិបាលយោធាថៃធា្លប់បានសន្យាថា នឹងរៀបចំការបោះឆ្នោតដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០១៧៕