(សេអ៊ូល)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលជិតផុតអាណត្តិ លោក បាន គីមូន បានបង្ហាញពីឆន្ទៈដោយប្រយោលជុំវិញមហិច្ឆតារបស់លោក ក្នុងការឈរឈ្មោះជា បេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូង នៅឆ្នាំ២០១៧ ក្នុងឱកាសដែលលោកជួបជាមួយអ្នកសារព័ត៌មានកូរ៉េខាងត្បូងនៅទីក្រុងញូយ៉ក នៅថ្ងៃអង្គារ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងឱកាសនោះដែរបើទោះជាមិនបានបញ្ជាក់ចំៗក៏ដោយ ប៉ុន្តែ លោក បាន គីមូន បានធ្វើឱ្យគេកត់សម្គាល់ថា លោកអាចនឹងឈរឈ្មោះ ជាប្រធានាធិបតីកូរ៉េខាងត្បូង។ «ខ្ញុំនឹងធ្វើការសម្រេចចិត្តលើបញ្ហានេះ នៅពេលខ្ញុំត្រឡប់ទៅ ប្រទេសកំណើតរបស់ខ្ញុំវិញ តែអ្វីដែលសំខាន់នោះ គឺឆន្ទៈប្រជាជនកូរ៉េខាងត្បូង»។
ម្យ៉ាងវិញទៀតបើទោះជាខ្ញុំមានអាយុ ៧៣ឆ្នាំទៅហើយក្ដី ប៉ុន្តែខ្ញុំនៅតែមានឆន្ទៈក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី ប្រទេសជាតិរបស់ខ្ញុំដារាបណាខ្ញុំមាន សុខភាពល្អ»។ នេះគឺជាការលើកឡើងរបស់ លោក បាន គីមូន។ លោក បាន គីមូន បានបន្តថា «ខ្ញុំនឹងលះបង់ដើម្បីការអភិវឌ្ឍប្រទេសកូរ៉េខាងត្បូង។ នយោបាយមិនអាចដើរទៅតែម្នាក់ឯងនោះទេ ប៉ុន្តែមេដឹកនាំនយោបាយត្រូវតែចេះលះបង់ខ្លួនឯងសម្រាប់បុព្វហេតុប្រទេសជាតិ»។
គួរបញ្ជាក់ថាឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយនយោបាយ ឆយ ស៊ូនស៊ីល លោក បាន គីមូន បានសង្កត់ធ្ងន់ថា ប្រជាជនកូរ៉េខាងត្បូងនៅតែក្ដៅក្រហាយ និងខកចិត្តប្រឈមមុខនឹងកង្វះអភិបាលកិច្ចល្អដែលជាកំហុសរបស់ថ្នាក់ដឹកនាំ និងប្រព័ន្ធនយោបាយប៉ុន្តែលោកបានអះអាងថាមិនបាននិយាយសំដៅលើមេដឹកនាំណាម្នាក់នោះទេ៕