(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានចេញដីកាឲ្យចាប់ខ្លួនកូនស្រីម្នាក់របស់ស្រ្តីឈ្មោះ ឆយ ស៊ូនស៊ីល ដែលជាបុគ្គលស្ថិតនៅចំកណ្តាល នៃរឿងអាស្រូវនយោបាយពុករលួយ ដ៏តានតឹងបំផុតរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ ដែលទំនងជានឹងអាចត្រូវចាកចេញពីតំណែងជាមេដឹកនាំកំពូល របស់ប្រទេសជារៀងរហូតនោះ បន្ទាប់ពីត្រូវបានសភាជាតិព្យួរអំណាច ជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។
តុលាការកូរ៉េខាងត្បូងបានចេញដីកាចាប់ខ្លួនចំពោះនារីឈ្មោះ ជុង យូរ៉ា (Chung Yoo-ra) អាយុ ២០ឆ្នាំ ជាកូនស្រីរបស់លោកស្រ្តី ឆយ ស៊ូនស៊ីល ដែលជាមិត្តភក្តិដ៏ជិតស្និទ្ធយូរអង្វែងជាទីបំផុត របស់លោកស្រី ផាក គឺនហេ និងកំពុងស្ថិតក្រោមការជាប់ឃុំខ្លួន ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការរំលាភសិទ្ធិអំណាច និងលួចបន្លំប្រាក់មូលនធិ។ ដោយឡែកមេធាវីរបស់អ្នកនាង ជុង បានឲ្យដឹងថានាងកំពុងស្ថិត នៅក្នុងប្រទេសអាល្លឺម៉ង់ នៅឡើយបន្ទាប់ពីបានធ្វើដំណើរទៅកាន់ទីនោះជាមួយម្តាយ និងកូនរបស់នាងកាលពីកញ្ញា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយលោក លី យូឈូល (Lee Kyu-chul) អ្នកនាំពាក្យការិយាល័យក្រុមស៊ើបអង្កេតពិសេសបាននិយាយថា «យើងមានដីកាចាប់ខ្លួននារី ជុង យូរ៉ា ក្រោមបទចោទប្រកាន់មួយចំនួនរួមមានការបង្កភាពរាំងស្ទះ ដល់ចំណាត់ការរបស់តុលាការ ហើយពួកយើងគ្រោង នឹងស្នើសុំកិច្ចសហប្រតិបត្តិការពីសំណាក់រដ្ឋអាជ្ញាអាល្លឺម៉ង់ ដោយផ្អែកលើការចោទប្រកាន់តែទាំងនេះ»។ លោក លី បានបន្ថែមថាអាជ្ញាធរពាក់ព័ន្ធកំពុងស្វែងរកវិធីធ្វើយ៉ាងណា ឲ្យលិខិតឆ្លងដែនកូរ៉េខាងត្បូងរបស់អ្នកនាង ជុង ក្លាយជាមោឃៈ និងបានសាកសួរសមភាគីអាល្លឺម៉ង់ ពីទីតាំងស្នាក់នៅ និងទ្រព្យសម្បត្តិរបស់នាងផងដែរ។
គួរបញ្ជាក់ថាអ្នកនាង ជុង យូរ៉ា គឺជាកីឡាការិនីជិះសេះ ដែលបានចូលរួមនៅក្នុងកីឡាអាស៊ីកាលពីឆ្នាំ២០១៤ ហើយបានទទួលមេដាយមាស នៅក្នុងការប្រកួតជាក្រុមមួយថែមទៀតផងនោះ បានបណ្តាលឲ្យមជ្ឈដ្ឋានសាធារណៈផ្ទុះកំហឹងជាខ្លាំងនៅពេលដែលមានដំណឹងលេចឡើងថា នាងទទួលបានការយកចិត្តទុកដាក់ពិសេសជាខ្លាំងពីមហាវិទ្យាល័យសម្រាប់នារី Ewha Womans University ដ៏មានកេរ្តិ៍ឈ្មោះបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែការអនុញ្ញាតឲ្យចូលរៀននៅក្នុងមហាវិទ្យាល័យនេះចុងក្រោយ ត្រូវបានលុបចោលវិញហើយអ្នកនាង ជុង ក៏ត្រូវបានគេដកហូតយកសញ្ញាប័ត្រមធ្យមសិក្សាផងដែរ ដោយសារតែការក្លែងបន្លំចំណាត់ថ្នាក់ និងចំនួនវត្តមាន៕