(វ៉ាស៊ីនតោន)៖ អតីតតារាសម្ដែងហូលីវូដក្នុងរឿង Rambo លោក Sylvester Stallone បានបដិសេធសំណើរបស់លោក ដូណាល់ ត្រាំ ដែលចង់តែងតាំងរូបលោកជាប្រធានមូលនិធិជាតិសម្រាប់សិល្បៈ ហើយដែលការប្រកែកនេះបានធ្វើឱ្យអ្នកគាំទ្ររូបលោកមួយចំនួនខកចិត្តជាខ្លាំង។ នេះបើតាមសារព័ត៌មាន Daily Mail ដែលចុះផ្សាយបន្តដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។
យោងតាម Daily Mail អនាគតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានបំណងចង់តែងតំាងលោក Sylvester ជាប្រធានមូលនិធិសម្រាប់សិល្បៈដែលជាទីភ្នាក់ងារឯករាជ្យមួយដើរតួនាទីស្មើ នឹងក្រសួងវប្បធម៌ ខណៈនៅសហរដ្ឋអាមេរិកមិនមានក្រសួងនេះឡើយ។ ប៉ុន្តែជារឿងគួរឱ្យសា្ដយសម្រាប់លោក ត្រំា និងអ្នកគាំទ្ររបស់លោក Sylvester បន្ទាប់ពីលោកបដិសេធសំណើតែងតាំងនេះ។ លោក Sylvester មានអាយុ ៧០ឆ្នាំ បានប្រាប់កាសែត New York Times ដូច្នេះថា «ខ្ញុំបានបដិសេធនឹងសំណើតែងតាំងនេះ បើទោះជាវាជារឿងមួយនឹកស្មានមិនដល់ក៏ដោយ»។
គួរបញ្ជាក់ថាមូលនិធិជាតិសម្រាប់សិល្បៈ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៥ ដោយអតីតប្រធានាធិបតីអាមេរិក លោក Lyndon Johnson ហើយបច្ចុប្បន្នទីភ្នាក់ងារមួយនេះ កំពុងស្ថិតនៅក្រោមការដឹកនាំរបស់លោកស្រី Jane Chu៕