(ប៉េកាំង)៖ តំបន់ភាគខាងជើងប្រទេសចិននៅតែបន្តស្ថិតក្រោមផ្សែងអ័ព្ទ ក្នុងរយៈពេល ០៥ថ្ងៃជាប់ៗគ្នា គិតត្រឹមថ្ងៃពុធនេះ ស្របពេលដែលប្រជាជននៅក្នុងតំបន់បានត្អូញត្អែថា វិធានការប្រកាសសញ្ញាអាសន្នពុំទាន់ត្រូវបានអាជ្ញាធរអនុវត្តន៍ឱ្យបានត្រឹមត្រូវនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។
ប្រជាជននៅក្នុងទីក្រុង Shijiazhuang នៃខេត្ត Hebei បានរិះគន់យ៉ាងខ្លាំងដល់អាជ្ញាធរសម្រាប់ការបណ្ដាយឱ្យសាលារៀនជាច្រើននៅតែបន្តបើកទ្វារ បើទោះបីជាទីក្រុងមួយនេះកំពុងស្ថិតនៅក្រោមការប្រកាសអាសន្នកំរិតពណ៌ក្រហមនៃការបំពុលខ្យល់អាកាសខ្លាំងបំផុតក៏ដោយ។ តួយ៉ាងប្រជាជននៅក្នុងតំបន់ម្នាក់បានសរសេរនៅ Twitter Weibo ថា «យើងមិនដឹងនោះទេថា ពេលណាផ្សែងអ័ព្ទពុលនេះរលាយបាត់ ក៏ប៉ុន្តែតើហេតុអ្វីបានជាសាលារៀនជាច្រើននៅតែបន្តដំណើរការដូចធម្មតា? ខណៈសិស្សសាលា នៅតែបន្តពាក់ម៉ាស់ជាប់ជានិច្ច និងស្ថិតនៅក្នុងថ្នាក់រៀនបិទទ្វារបង្អួចយ៉ាងជិត ក្រោមខ្យល់អាកាសដ៏កខ្វក់»។
គួរបញ្ជាក់ថារដ្ឋាភិបាលទីក្រុងប៉េកាំង បានចាប់ធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងការបំពុលខ្យល់អាកាស កាលពីឆ្នាំ២០១៤ តាមរយៈការចាត់វិធានការដាក់កំហិតជាច្រើនលើអ្នកប្រើប្រាស់រថយន្ដធុនធ្ងន់ បណ្ដារោងចក្រ និងសហគា្រសជាច្រើនដែលប្រើប្រាស់ថាមពលធ្យូងថ្ម៕