(វ៉ាស៊ីនតោន)៖ ខណៈមេដឹកនាំពិភពលោកនំាគ្នាប្រញាប់ប្រញាល់ថ្កោលទោស ចំពោះការវាយប្រហារភេរវកម្មនៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ព្រមទាំង ការបាញ់សម្លាប់អគ្គរដ្ឋទូតរុស្ស៊ី នៅតួកគី ងាកមកមើលប្រធានាធិបតីអាមេរិកផុតអាណត្តិលោក បារ៉ាក់ អូបាម៉ា វិញនៅអំឡុងពេលដូចគ្នានោះបែរជាហើបមាត់បានត្រឹមតែពាក្យ «Aloha ឬសួស្ដី » នៅអំឡុងពេលរីករាយនឹងការវាយកូនហ្គោល នៅឯទីលានវាយហ្គោល Mid Pacific Country Club នៅកោះ Hawaii។ នេះបើតាមការដកស្រង់ព័ត៌មានពី សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។
កាលពីថ្ងៃចន្ទ កន្លងទៅបន្ទាប់ពីមានការវាយប្រហារភេរវកម្មសម្លាប់មនុស្ស ១២នាក់ នៅក្នុងទីក្រុងប៊ែរឡាំង និងការធ្វើឃាតអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងអង់ការ៉ា លោក អាន់ដ្រេយ៍ កាឡូវ (Andrey Karlov) បណ្ដាមេដឹកនាំពិភពលោក ដូចជាប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី ថេរេសា ម៉េយ៍ (Theresa May) និងប្រធានាធិបតីបារំាង លោកហ្រ្វង់ស័រ ហូឡង់ ជាដើម បាននំាគ្នាថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើដ៏អាក្រក់នេះ ហើយថែមទំាងបាន អំពាវនាវផងដែរឲ្យមានសាមគ្គីភាព និងការបង្កើនការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ។
ទោះបីជាណាក៏ដោយប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា ក៏បានថ្កោលទោសផងដែរ ចំពោះការវាយប្រហារភេរវកម្ម ក្នុងទីក្រុងប៊ែរឡាំង ក៏ដូចជាសន្យាផ្ដល់ការគាំទ្រ ដល់ប្រទេសអាល្លឺម៉ង់ ខណៈប្រមុខការទូតអាមេរិក លោក ចន ឃើរី ចេញមុខថ្កោលទោស ការបាញ់សម្លាប់អគ្គរដ្ឋទូតរុស្ស៊ី នៅក្រោយពេលដែល បណ្តាប្រទេសនានា បានធ្វើសកម្មភាពរួចរាល់៕